លោក មាស សុភា ស្នើ​ឲ្យ​ពលរដ្ឋ​គ្រប់រូប ត្រៀម​ឯកសារ​សម្រាប់​ចូលរួម​បោះឆ្នោត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2018 ក+ ក-

​ព្រះវិហារ ៖ លោក មាស សុភា សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តព្រះវិហារ និង​ជា​បេក្ខជន​ឈរឈ្មោះ​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិ​ការ​ទី​៦​នេះ បាន​ថ្លែងថា ប្រជាពលរដ្ឋ​គ្រប់រូប ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ត្រូវ​ត្រៀម​ឯកសារ ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែ​កក្ត​ដា ឆ្នាំ​២០១៨​ខាងមុខនេះ អោយបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​យើង​គិតថា មាន​ស្នាដៃ​ក្នុង​ការខិតខំ​ស្វែងរក នូវ​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ ព្រម​ជាមួយនឹង​ការអភិវឌ្ឍ​ប្រទេស​មានការ​រីកចម្រើន ដូច​ពេល​បច្ចុប្បន្ននេះ​។​

​ប្រសាសន៍​ថ្លែង​បែបនេះ ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​សមាជិក សមាជិកា​បក្ស​ប្រមាណ​ជាង​១០០០​នាក់ នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នា​ថ្ងៃទី​១៣ ខែ​កក្ត​ដា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​លោក អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​។​

​បន្ត​ពី​របាយការណ៍​ស្វាគមន៍​របស់លោក ជា គឹម​សេង ប្រធាន​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ស្រុក រួមជាមួយ​នឹង​មតិ​លើកឡើង របស់លោក អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ខេត្ត នូវ​រាល់​សមិទ្ធិផល ដែល​កំពុង​រីកដុះដាល​ដូច​ផ្សិត ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ចប់ លោក មាស សុភា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តព្រះវិហារ បាន​ថ្លែងបន្តថា ក្នុងសម័យ​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​ក្រោម​ការ​កាន់អំណាច ដោយ​របប​ពល​ពត ហេដ្ឋារចនាសម្ព័ន្ធ របស់​ជាតិ​ត្រូវបាន​បំផ្លិចបំផ្លាញ​អស់ទាំង​ស្រុង ទាំង​សិទ្ធិសេរីភាព​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​បង្អត់អាហារ សម្លាប់​យ៉ាង​រង្គាល ទាំង​អ្នកចេះដឹង​ក្នុង​ជួរ​បញ្ញា​វ័​ន្ត និង​មន្ត្រីរាជការ​ជាដើម​។

​លោក​បន្ថែមថា ដើម្បី​ស្រោចស្រង់​ប្រទេស និង​ប្រជាជន​អោយ​រួច​ផុតពី​របប​ប្រ​ល​យ័​ពូជសាសន៍ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​តស៊ូ​រំដោះប្រទេស រហូត​ទទួលបាន​ជោគ​ជ​យ័ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ដែលជា​ថ្ងៃកំណើត​ទី​២​របស់​យើង​គ្រប់ៗ​រូប ហើយ​បើ​គ្មាន​ថ្ងៃ​៧​មករា​ទេនោះ ប្រទេសជាតិ​យើង ក៏​មិនមាន​ការអភិវឌ្ឍ​រីកចំរើន​រហូតមកដល់​សព្វថ្ងៃ​នេះដែរ​។​

​សូម​បញ្ជក់​ថា បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ សម្រាប់​នី​ិ​តិ​កាល​ទី​៦​នេះ​មាន​ចំនួន​៧​រូប​÷ លេខ​រៀង​ទី​១-​លោក មាស សុភា ០២- លោក សួស យ៉ា​រ៉ា ០៣-​លោក ឡុង សុវណ្ណ ០៤-​លោក ណែម វា ០៥-​លោក ខូ​យ ឃុន​ហ៊ួ​រ ០៦-​លោក យ៉ុង គឹម​ហ៊ាន និង​លេខ​រៀង​ទី​០៧-​លោកស្រី ខូ​យ ប៊ុន​ថា​ន​៕