ឯ​.​ឧ បណ្ឌិត ម៉ា ឈឿន ថ្លែងថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជាបានន័យថា​បោះឆ្នោត​ឲ្យ​ខ្លួន​យើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2018 ក+ ក-

កំពង់ចាម ៖ ឯ​.​ឧ បណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម សមាជិក​គណៈ​ក​ម្មា ធិ​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល ចុះជួយ​ស្រុក​ជើង ព្រៃ នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​មានប្រសាសន៍​បញ្ជាក់ថា បោះឆ្នោត​ឲ្យ​គណបក្ស ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ បានន័យថា គឺ​បាន​បោះឆ្នោត​ឲ្យ​ខ្លួន​យើង​ផ្ទាល់​។​

​ការលើកឡើង​យ៉ាង​ដូច្នេះ​របស់ ឯ​.​ឧ បណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម បានធ្វើ​ក្នុងឱកាស​ដែល ឯ​.​ឧ អញ្ជើញ​ចូលរួម​ក្នុង ពិធី​ឃោសនាបោះឆ្នោត ជ្រើសរើស​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ស្រុក​ជើងព្រៃ ខេត្ដ​កំពង់ចាម ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ មកពី​ភូមិ​ដូន​ដុំ ឃុំ សូ​ទិ​ព្ធ ស្រុក​ជើងព្រៃ ខេត្ដ​កំពង់ចាម សរុប​ជាង​៥០០​នាក់ នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ នេះ​។​

​ថ្លែង​នៅក្នុង​ពិធី​ខាងលើនេះ ឯ​.​ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បាន​បញ្ជាក់ថា មានតែ​គណបក្ស ប្រជាជន​កម្ពុជា តែមួយគត់ ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​វីរៈជន​ដ៏​ឆ្នើម​របស់​កម្ពុជា ដែល​បាន​ក្រោក​ឡើង រំដោះ​ប្រទេសជាតិ ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​
​ឯ​.​ឧ បណ្ឌិត ម៉ា ឈឿន បានលើកឡើង​ទៀតថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​កសាង​ស្នាដៃ ជូន​ប្រទេស​កម្ពុជា រួមមាន​៖ នាំមក​នូវ​សុខសន្ដិភាព ជូន​ប្រជាជន និង​ប្រទេសជាតិ * ការបង្រួបបង្រួម​ជាតិ * ឯកភាព​ជាតិ * លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។​

​ជាមួយគ្នា​នោះ បាន​អភិវឌ្ឍ​សេដ្ឋកិច្ច លើ​គ្រប់​វិស័យ (​រោងចក្រ សហគ្រាស​, សាលារៀន​, មន្ទីរពេទ្យ​, សំណង់​ធារាសាស្ដ្រ​, វត្ដ​អា​រ៉ា​ម​, បណ្ដុះបណ្ដាល​ធនធាន មនុស្ស ដោះស្រាយ​ជីវភាព របស់​ប្រជាពលរដ្ឋ តាម​ភូមិ​-​ឃុំ -​ល​-)​។ នេះ​ជាការ​គូសបញ្ជាក់​ពី ឯ​.​ឧ បណ្ឌិត ម៉ា ឈឿន​។​
​ឯ​.​ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បានបញ្ជាក់​ទៀតថា បើ​គ្មាន​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ដឹកនាំ​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន នោះទេ ក៏​គ្មាន សន្ដិភាព រហូតដល់​បច្ចុប្បន្ន​ផងដែរ​។​

ឯ​.​ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បាន​បន្ថែមទៀតថា គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្ដេច តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​អង្គ​ការចាត់​តាំងរបស់​ខ្មែរ ក្រហម ត្រូវ​រលំរលាយ​ទាំងស្រុង ទាំង​ខាង​នយោបាយ ទាំង​យោធា និង​បង្កើតបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ចាប់តាំងពី​ចុងឆ្នាំ​១៩៩៨ មក នេះ​គឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​មិនអាច​បំភ្លៃ​បាន​។​

​ឯ​.​ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បាន​លើកឡើងថា នេះហើយ​ជា​សច្ចធម៌​ប្រ​វ​ត្ដិ​សាស្ដ្រ ដែល​ប ញ្ជា​ក់​ឲ្យ​ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ស្នាដៃ​ដ៏​ធំធេង សង្គ្រោះ​ប្រជាជន​ឲ្យ​រួចផុត ពី​គ្រោះ ប្រល័យពូជសាសន៍ ហើយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​សុខសន្ដិភាព រហូតដល់​បច្ចុប្បន្ន​។​

​ឯ​.​ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បាន​ឲ្យ​ដឹងផង​ដែរ​ថា ជាក់ស្ដែង នៅ​ស្រុក​ជើងព្រៃ មាន​រោង ចក្រ​ចំនួន​៧ ក្នុងនោះ មាន​កម្មករ ២០.៣៩០ នាក់ ទទួលបាន​ចំណូល​១​ខែ ជាង​៤​លាន​ដុល្លារ សម្រាប់​ប្រជាជន​នៅ​ស្រុក​ជើងព្រៃ​។ ក្រុមហ៊ុន​ទិញស្រូវ «​អេ​ម​រុ​រា​យស៍​» បាន​ចុះ​កុងត្រា ទិញស្រូវ ចំនួន ៧,៥០០​តោន ក្នុង​១​ឆ្នាំ ដោយ​ក្នុងតម្លៃ​ខ្ពស់ សម្រាប់​ស្រុក​ចំនួន​៣ នៅ​ខេត្តកំពង់ចាម រួមមាន ៖ ស្រុក​ជើងព្រៃ​, ស្រុក​បាធាយ​, ស្រុក​ព្រៃឈរ​។​

​ឯ​.​ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បានលើកឡើង​ទៀតថា ប្រទេស​កម្ពុជា មិន​យកពន្ធ​លើដី ស្រែ​បង្កបង្កើនផល ជា​លក្ខណៈ​គ្រួសារ និង​រក​ទីផ្សារ លក់​កសិផល​ពី​ប្រជាពលរដ្ឋ ដូច​ប្រទេស​ជិត ខាង​នោះឡើយ​។ ហើយ​ចំពោះ​អ្នកលក់ដូរ​អាជីវករ មាន​សិទ្ធិ ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់ និង​អ្នក លក់ដូរ​តូចតាច ដោយ​មិន​ឲ្យ​បង់​ភាស៊ី​ផងដែរ​។​

​ក្នុងឱកាស​នោះ​ផងដែរ ឯ​.​ឧ តំណាងរាស្ដ្រ ម៉ា ឈឿន ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ សូម ត្រៀម​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ សម្រាប់​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាង រាស្ត្រ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យ​បាន​គ្រប់ៗ​គ្នា​៕