សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បើក​ពិព័រណ៍ នៅ​កោះ​ពេជ្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2018 ក+ ក-

​ភ្នំពេញ ៖ រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ អាកាសចរ សណ្ឋាគារ ភោជនីយដ្ឋាន​នានា នឹងដាក់​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​ក្នុង​ពិព័រណ៍​ទេសចរណ៍​ជាតិ​លើកដំបូង​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២២ ខែកក្កដា ខាងមុខ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដែលមាន​ស្តង់​ចំនួន ១៥០ ក្រោម​ការរៀបចំ​ពី​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ក្រោម​ប្រធានបទ​កំណប់ទ្រព្យ​ទេសចរណ៍​កម្ពុជា​។​

តាម​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ឲ្យ​ដឹងថា ពិព័រណ៍​ទេសចរណ៍​ជាតិ​លើក​ទី​១​នេះ​នឹងចូលរួម​ជំរុញ​ចលនា​ដើរ​កម្សាន្ត​ក្នុងស្រុក​របស់​ពលរដ្ឋ​ខ្មែរ​។
​កម្មវិធី​នេះ​នឹង​ផ្ដល់ឱកាស​ដល់​សហគម​ន៍​ទេសចរណ៍​ក្នុងស្រុក មានឱកាស​ដាក់​បង្ហាញ​ផលិតផល​ទេសចរណ៍​ទៅដល់​ប្រជាពលរដ្ឋ​ដើម្បី​ស្រូបយក​កំណើន​ទេសចរ​ក្នុង​គោលដៅ​ទេសចរណ៍​របស់ខ្លួន​។

កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ផ្សេងៗ កម្មវិធី​កម្សាន្ត ការធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ទេសចរណ៍ កម្មវិធី​ម្ហូបអាហារ នឹងត្រូវ​ធ្វើឡើង​ផងដែរ​ក្នុង​ពិព័រណ៍​នេះ​៕