​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​របស់​ចិន​គ្រោង​វិនិយោគ នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​ហ្វ​ស​ខុន នៃ​ប្រទេស​ចិន​បានមក សិក្សា​ស្វែងយល់​ពី​ភូមិសាស្ត្រ​នៅ​កម្ពុជា​ចំនួន​៣​លើក​មកហើយ ដោយ​ក្រុមហ៊ុន​នេះ​ទទួលស្គាល់ថា​កម្ពុជា គឺ​ពិត​ជាមាន​សន្តិភាព​និង​ស្ថេរភាព​នយោបាយ​មិន​បារ​ម្មណ៍​ក្នុងការ​មក​វិនិយោគ​ទេ​។ ប៉ុន្តែ​មុនពេល​ក្រុមហ៊ុន​នេះ ចាប់ផ្តើម​បោះទុន​វិនិយោគ ដែល​អាច​ស្រូប​ទាញ​កំលាំង​ពលកម្ម​ក្នុងប្រទេស​កម្ពុជា​បានជា​ច្រើន​ម៉ឺន​នាក់​នោះ ក្រុមហ៊ុន​កំពុង​សិក្សា​បន្ថែមទៀត​លើ​ច្បាប់​វិនិយោគ និង​ស្ថានភាព​កំលាំង​ពលកម្ម​អោយបាន​លំអិត​ជាមុនសិន​។​

​ស្រប​ពេលដែល​ក្រុមហ៊ុន​ហ្វ​ស​ខុន ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​នៃ​ប្រទេស​ចិន កំពុងមាន​គម្រោង​បណ្តាក់ទុន​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា​នោះ ឯកឧត្តម ឈី​វ យី​ស៊ា​ង អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​និង សហប្រតិបត្តិការ​អន្តរជាតិ បានធ្វើការ​បង្ហាញ​ផ្ទាល់​ទៅកាន់​ក្រុមហ៊ុន​នេះ​ថា ប្រទេស​កម្ពុ​ជាមាន កំណើនសេដ្ឋកិច្ច​ដ៍​ល្អប្រសើរ​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី​បានចាត់ទុក​ថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ី ហើយ​បាន​ប្រសិទ្ធ​នាម​ថា ជា​កូន​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​ទៀតផង​។​

​យ៉ាងណាមិញ​នៅ​ឆ្នាំ​២០១៧-២០១៨ តាម​ការប៉ាន់ស្មាន​កម្ពុ​ជា​បាន​បន្ត​រក្សា​កំណើនសេដ្ឋកិច្ច ក្នុង​អត្រា​ជា​មធ្យម​៧​ភាគរយ​ដោយសារ​កំណើន​ជា​វិជ្ជមាន​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម វិស័យ​កាត់ដេរ ទេសចរណ៍ និង​ការរីក​ធំធាត់​នៃ​វិស័យ​សំខាន់ៗ​ដ៍ទៃទៀត ដូចជា​សេវាកម្ម​និង​អ​ចនទ្រ​ព្យ ជាដើម​។ បើតាម​ការយល់ឃើញ​ជាក់ស្តែង​របស់ លោក ហឺ យោ​វ​មីង ជា​អគ្គនាយករង​នៃ​ក្រុមហ៊ុន​ហ្វ​ស​ខុន បាន​បញ្ជាក់ថា ចំពោះ​ស្ថានភាព​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា គឺ​គ្មាន​ការបារ​ម្មណ៍​សម្រាប់​ការ​មក​វិនិយោគ​នោះទេ គ្រាន់តែ​ក្រុមហ៊ុន​ចង់​សិក្សា​ថែមទៀត ទាក់ទង​នឹង​ច្បាប់​វិនិយោគ ក៏ដូចជា​ស្ថានភាព​កំលាំង​ពលកម្ម របស់​កម្ពុជា ព្រោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា ហ្វ​ស​ខន ជា​ក្រុមហ៊ុន​ធំ ដែល​អាច​ស្រូប​ទាញ​កំលាំង​ពលកម្ម​ក្នុងប្រទេស​កម្ពុជា​បានជា​ច្រើន​ម៉ឺន​នាក់ នៅពេល​ក្រុមហ៊ុន​ដំណើរការ​។​

​លោក​មើលឃើញថា ភាព​ទាក់ទាញ​នៃ​ការវិនិយោគ​របស់​កម្ពុ​ជា រួមមាន​ទី​១ កម្ពុជា​មានការ​លើកលែង​ពន្ធ​ទំនិញ​នាំចេញ​ទៅកាន់​ស​ហ​រដ្ឋ​មេ​រិ​ក​! ទី​២ កម្ពុ​ជាមាន​កំលាំង​យុវជន​ច្រើន​! និង​ទី​៣ ដោយសារ​បច្ចុប្បន្ននេះ​មានការ​ផ្ទុះឡើង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក ហេតុនេះ ក្នុងនាម​កម្ពុជា​ជា​ប្រទេស​ទទួលបាន​ការអនុគ្រោះ​ពន្ធ និង​ជា​សមាជិក​អាស៊ាន​ផង​នោះ គឺជា​កត្តា​អំណោយ​យ៉ាងសំខាន់ សម្រាប់​ការ​មក​វិនិយោគ​នៅ​កម្ពុជា​៕​