រលក​កំដៅ​គ្របដណ្តប់​ប្រទេស​ជប៉ុន សម្លាប់​មនុស្ស​១៤​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2018 ក+ ក-

​ជប៉ុន ៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា រលក​កម្តៅ ខ្លាំង បានសំលាប់​មនុស្ស​យ៉ាងតិច 14 នាក់ ក្នុង​រយៈពេល 3 ថ្ងៃ ចុង​សប្តាហ៍​មុន នៅ​ប្រទេស​ជប៉ុន​។

​សីតុណ្ហភាព​ខ្ពស់ បាន​រារាំង​ដល់​ការ​ស្តារឡើងវិញ​នៅ​តំបន់​ដែល​រងគ្រោះ ដោយ​ទឹកជំនន់ ដែល​សំលាប់​មនុស្ស​ជាង 200 នាក់ កាលពី​សប្ដាហ៍​មុន​។​យោងតាម​របាយការណ៍ របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា យ៉ាងហោចណាស់ មនុស្ស 14 នាក់ បាន​ស្លាប់ ដោយសារ​កំដៅ​កើនឡើង​ខ្លាំង ក្នុងនោះ ស្ត្រី​អាយុ 90 ឆ្នាំ​ម្នាក់ ដែល​ត្រូវបាន​គេ​រកឃើញថា បាន​សន្លប់​នៅ វាលស្រែ ហើយ មនុស្ស រាប់ពាន់នាក់​ផ្សេងទៀត កំពុង​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ សម្រាប់​លក្ខខណ្ឌ​ទាក់ទង​នឹង​កំដៅ​។​

​កំដៅ​ខ្លាំង​បំផុត នៅក្នុង​តំបន់​ជាប់​សមុទ្រ ដូចជា​ខេត្ត ហ្គី​ហ្វូ ដែល​បាន​ឡើងដល់ 39.3 អង្សា​សេ ដែលជា​ចំណុចក្តៅ​បំផុត​នៅក្នុង​ប្រទេស​។ ចំណែក​ទីក្រុង​តូ​ក្យូ ត្រូវបាន​កត់ត្រា​ពី​កម្រិត​កំដៅ​ខ្ពស់ 34 អង្សា​សេ​។

​សីតុណ្ហភាព​នៅក្នុង​ផ្នែក​ខ្លះ នៃ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន ដែល​ត្រូវបាន​វាយប្រហារ ដោយ​ទឹកជំនន់ មាន​កំដៅ​កើន​ឡើងដល់ 34.3 អង្សា​សេ ដោយ​បង្កើតឱ្យមាន​ស្ថានភាព​គ្រោះថ្នាក់​ដល់​បុគ្គលិក​យោធា និង​អ្នកស្ម័គ្រចិត្ត ដែល​សំអាត​ភក់ និង​កម្ទេចកម្ទី​នៅ​ទីនោះ​៕