គ្រឿង​បូជា​ថ្វាយ​ព្រះ មុន​ពិធីបុណ្យ​ចូល​ព្រះវស្សា​ឆ្នាំនេះ លក់ដាច់​ជាង​ឆ្នាំមុនៗ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 July, 2018 ក+ ក-

​ភ្នំពេញ ៖ អាជីវករ លក់ដូរ សម្ភារៈ​សម្រាប់ បូជា​ថ្វាយ ចំពោះ​ព្រះពុទ្ធសាសនា រួមមាន ទៀន ធូប ទ័យ​ទាយ និង សម្ភារៈ​ផ្សេងៗ មុន​ពិធីបុណ្យ​ចូល​ព្រះវស្សា​មកដល់​ឆ្នាំនេះ លក់ដាច់​ជាង​ឆ្នាំមុនៗ ជាពិសេស​ទៀន​ព្រះវស្សា និង សំពត​សាដក ចាប់ពី​ដើមខែ​កក្កដា​មកនេះ អាច​លក់បាន​ពី​៤០​ទៅ​៥០​គូរ​ក្នុង​១​ថ្ងៃៗ​។​
​ម្ចាស់​ហាង ឧ​ត្ត​ម ឧ​ត្ត​ម លោកពូ ស៊ិន ហាំ ដែល​លក់​នៅតាម​បណ្តោយ​ផ្លូវ​លេខ ១៨២ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​ថា ចាប់តាំងពី​ចូលដល់​ខែ ទុតិយាសាឍ ឬ ខែកក្កដា​នេះ​មក ការលក់ដូរ​សម្ភារៈ​គ្រឿង​បូជា​ថ្វាយ​ចំពោះ​ព្រះពុទ្ធសាសនា ក្នុងឆ្នាំនេះ លក់ដាច់​ជាង​ឆ្នាំមុនៗ លោកពូ​រំពឹងថា ឆ្នាំនេះ លោក​អាច​លក់​ទៀន​ព្រះវស្សា ឬ សំពត់​សាដក បាន​ពី​៧០០​ទៅ​១០០០​គូរ លើសពី​ឆ្នាំ មុនៗ​។​

​លោកពូ​បញ្ជាក់ថា ភាគច្រើន អ្នកទិញ​ទៀន​ព្រះវស្សា ពួកគាត់​តែងតែ​ទិញ សំពត់​សាដក ភ្ជាប់​ជាមួយ ហើយ​ម្នាក់​ចូលមក​ទិញ មាន​អ្នកខ្លះ​ទិញ​មួយគូរ ហើយក៏​មាន​អ្នក​ខ្លះទៀត ទិញ​ច្រើន​គូរ​ផងដែរ​។ ដែល​ទៀន​មួយគូរៗ មានតម្លៃ​ចាប់ពី​៣០​ដុល្លារ​រហូតដល់​ទៅ​១៥០​ដុល្លារ ទៅតាម​ប្រភេទ និង​ទំហំ​របស់​ទៀន​។ ហើយ​លក់ដាច់​ជាងគេ​គឺ​ទៀន​ដែល​ផលិត​នៅក្នុង​ស្រុក មាន​ទំហំ​ចាប់ពី​៨​តឹក ដល់​១​ម៉ែត្រ​៦០​។

​តាម​ទំនៀម ជា​ប្រពៃណី នៃ​ព្រះពុទ្ធសាសនា ព្រះសង្ឃ គ្រប់​អារាម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​និមន្ត​ចូលកាន់​ព្រះវស្សា អស់​ថេរវេលា​៣​ខែ ចាប់តាំងពី​ថ្ងៃ ១​រោជ ទុតិយាសាឍ រហូតដល់ ថ្ងៃ ១៥​កើត ខែអស្សុជ ទៅតាម​ព្រះ​បរម​សាស្ត្រា នៃ​យើង ទ្រង់​បាន​បញ្ញត្តិ ឲ្យ​មាន​កិច្ច​ចូល​ព្រះវស្សា​។ ប៉ុន្តែ​សព្វថ្ងៃ នៅ កម្ពុជា ការចូល​ព្រះវស្សា មាន​កណ​ត់​ត្រឹមតែ​៣​ខែ​។ ក្នុង​រយៈវេលា​៣​ខែ​នេះ នៅ​គ្រប់​ព្រះវិហារ នៃ ទី​វត្ត​ទាំងឡាយ គេ​តែង​រក្សា​ភ្លើងទៀន ព្រះវស្សា​ឲ្យ​នៅ​ឆេះ​ជានិច្ច លើកលែងតែ​ស្រុកទេស មាន​គ្រោះមហន្តរាយ ណាមួយ​កើតឡើង​។​

​បើតាម ព្រះ​ញាណ​វិសុទ្ធិ​វង្ស សាត វិបុល ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា ព្រឹទ្ធបុរស​រង​ពុទ្ធិក​សាកល​វិទ្យា ល័យ​ព្រះសីហនុ​រាជ ព្រះចៅអធិការ​វត្ត ជេដ្ឋា​ឧ​ត្ត​ម បាន​មាន​ថេរ​ដិ​ការឱ្យដឹងថា បុណ្យ​ចូល​ព្រះវស្សា​ក៏​ជា​បុណ្យ​ដ៏​ធំ​មួយ ដែល​អាច​ចាត់ទុកថា ជា​បុណ្យ​ដែលមាន​សារៈសំខាន់​នៅក្នុង​ចំណោម​បុណ្យ​ផ្សេងៗ នៅក្នុង​ព្រះពុទ្ធសាសនា​។ ជា​រៀងរាល់ឆ្នាំ នៅពេល​ដល់​ថ្ងៃខែ ដែល​ត្រូវ​ប្រារឰ​ពី​ធី​បុណ្យ​ចូល​ព្រះវស្សា ប្រជាពលរដ្ឋ ដែលជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ក៏បាន​នាំគ្នា​ជ្រះថ្លា​រៀបចំ​គ្រឿង​សក្ការៈ និង​គ្រឿង​ឧបភោគបរិភោគ ផ្សេងៗ សម្រាប់​ឧបត្ថម្ភ ដល់​ភិក្ខុសង្ឃ​ឆាន់ និង ប្រើប្រាស់​ក្នុង​រដូវ​កាល​ចូលកាន់​ព្រះវស្សា​។​

​ព្រះ​ញាណ​វិសុទ្ធិ​វង្ស​បន្ថែមថា ចំណែកឯ​ទាយក ទាយិកា ឧបាសក ឧបាសិកា ជា​ពុទ្ធសាសនិក ចំណុះជើងវត្ត​នីមួយៗ ក្រោម​ការដឹកនាំ​របស់​លោក​អាចារ្យវត្ត​ក៏​ប្រារព្ធ ធ្វើបុណ្យ​ចូល​វស្សា ឬ កាន់​វស្សា​នោះ​ផងដែរ ជាពិសេស គឺ​ចាត់ចែង​វ​ស្សិកសា​ដក (​សំពត់ សំរាប់​ងូតទឹក​ភ្លៀង​) ដែល​និយម​ហៅថា សំពត់​សាដក ចំណាំ​វស្សា ព្រមទាំង​ប្រេងកាត ទៀន ធូប និង​ភេសជ្ជៈ​មួយចំនួនទៀត​តាម​លទ្ធភាព​​៕