អាជ្ញាធរខេត្ត​ព្រះសីហនុ អំពាវនាវ​ឲ្យ​ប្រជា​នេសាទ​សមុទ្រ និង​ទេសចរ​បង្កើន​ការប្រុងប្រយ័ត្ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ​: ថ្នាក់ដឹកនាំ​នៅតាម​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ព្រួយបារម្ភ​អំពី​ខ្យល់ព្យុះ​ភ្លៀង​ដែល​នឹង​បន្ត​បោកបក់​ខ្លាំង​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ នេះ អាជ្ញាធរ​បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​បងប្អូន​ប្រជា​នេសាទ ជាពិសេស​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​ធ្វើដំណើរ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា​នៅក្នុង​ខេត្ត ទេសចរណ៍​មួយ​នេះ​។​

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​រំលឹក​ដល់​សមត្ថកិច្ច​ស្ថាប័ន​ពាក់​ព័ន្ធមូល ដ្ឋា​ន នេះ ត្រូវ​សហការគ្នា​ត្រៀមលក្ខណៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ប្រកប​របរ​លើ​លំហ​សមុទ្រ ពិសេស ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែល​និយម​ទៅ​កម្សាន្ត​តាម​កោះ​នានា​។ លោក​បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះ​ណែនាំ​ដល់​ប្រជា​នេសាទ និង​អ្នក​បម្រើការ​សេវា​ទេសចរណ៍​ដឹកជញ្ជូន​តាម​សមុទ្រ ត្រូវ​គិត​អំពី​សុវត្ថិភាព​ភ្ញៀវទេសចរ​ឲ្យ​បាន​ច្រើន​ថែមទៀត​នៅពេល​មាន​ព្យុះភ្លៀង​កំពុង​បោក បក់​ខ្លាំង​។​

លោក យន្ត មីន សង្កត់ធ្ងន់ថា សមត្ថកិច្ច​ត្រូវដាក់​បំរាម​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងនោះ មិន​ឲ្យ​ចេញ​ទូក​ដឹកជញ្ជូន​ភ្ញៀវ​នៅពេល​កំពុងមាន​ព្យុះភ្លៀង​នោះទេ គឺ​ត្រូវ​ស្នើ​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​សមុទ្រ​ស្ងប់​ព្យុះ ភ្លៀង ទើប​អនុញ្ញាត​ឲ្យ​ដំណើរ​ឡើងវិញ​បាន​។​

ទាក់ទិន​ក្នុង​រឿងនេះ​ដែរ ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ខ្លះ និយាយថា ស្ថានភាព​អាកាសធាតុ​បែប នេះ មិន​អំណោយផល​ល្អ សម្រាប់​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​តាម​ឆ្នេរសមុទ្រ និង​តាម​បណ្ដា​កោះ​នានា​នោះទេ ព្រោះ​មាន​ភ្លៀងរលឹម​ជាប់​មិន​ដាច់​ទាំងយប់​ថ្ងៃ វា​ពុំ​សូវ​មាន​រលក់​ធំៗ​ប៉ុន្មាន​នោះទេ​សម្រាប់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​ចេញ​ទៅតាម​បណ្ដា​កោះ​នានា គឺ​នៅមាន​ដំណើរការ​ជាធម្មតា​ទេ​៕​