ក្រុមហ៊ុន​ខេ​បូ​ឌា អ៊ែរ​វ៉េ បើក​ការហោះហើរ​អន្តរជាតិ​លើកដំបូង​ទៅ​ក្រុង​ម៉ា​កាវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2018 ក+ ក-

​ភ្នំពេញ ៖ បន្ទាប់ពី​សម្លឹង​ឃើញថា​កំណើន​អ្នកវិនិយោគ​ទន់​និង​ភ្ញៀវ​ទេសចរណ៍​ចិន កំពុងធ្វើដំណើរ​មកកាន់​កម្ពុជា​យ៉ាង​គំហ៊ុក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ​របស់​កម្ពុជា ក៏បាន​សម្រេច​ចាប់ផ្តើម​បើក​ជើងហោះហើរ​អន្តរជាតិ​ដំបូង​របស់ខ្លួន​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីក្រុង​ម៉ា​កាវ​នៃ​សាធារណៈរដ្ឋ​ប្រជា​ម៉ានិត​ចិន ចំនួន​៤​ដង​ក្នុង​មួយ​សប្តាហ៍​។​

ជើងហោះហើរ​ត្រង់​អន្តរជាតិ​លើកដំបូង​របស់​ក្រុមហ៊ុន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​កម្ពុ​ជា ត្រូវបាន​បន្ថែម​គោលដៅ​ថ្មី​មួយទៀត គឺ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ទីក្រុង​ម៉ា​កាវ​នៃ​សាធារណៈរដ្ឋ​ប្រជា​ម៉ានិត​ចិន​។ ដោយ​គោលដៅ​ហោះហើរ​ថ្មី​នេះ ត្រូវបាន​ចាប់ផ្តើម​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២២ ខែ​កក្ត​ដា ម្សិលមិញ​នេះ​។​

តំណាង​ក្រុមហ៊ុន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ​អោយដឹងថា ក្រុមហ៊ុន នឹង​ផ្តើម​ការហោះហើរ​របស់ខ្លួន​ទៅកាន់​ក្រុង​ម៉ា​កាវ​ចំនួន​៤​ដង​ក្នុង​១​សប្តាហ៍ ពោលគឺ​រៀងរាល់ថ្ងៃ អង្គារ ពុធ សុក្រ និង​ថ្ងៃអាទិត្យ​។ ក្នុងនោះ​ជើងហោះហើរ​អន្តរជាតិ ដំបូង​របស់ ខេ​ម​បូ​ឌា អ៊ែ​វ៉េ លេខ KR511 នៅ​ម៉ោង​១០.៤៥​នាទី គឺ​ហោះ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​ម៉ា​កាវ​នៅវេលា​ម៉ោង​១៤.០៥​នាទី​។​ចំណែក​ជើងហោះហើរ​KR512 គឺ​ហោះ​ត្រលប់​មកពី​ទីក្រុង​ម៉ា​កាវ​វិញ នៅវេលា​ម៉ោង​២១.៤០​នាទី​យប់ ហើយ​ចុះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង​២៣.២៥​នាទី​យប់​។​

មូលហេតុ​ដែល ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែ​វ៉េ សម្រេច​ធ្វើ​ការហោះ​ទៅ​ទីក្រុង​ម៉ា​កាវ ដោយ​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ​ក៍មាន​ទីផ្សារ​គាំទ្រ​ពី​ភ្នាក់ងារទេសចរណ៍​ជា​ដៃគូ​ជាមួយនិង​តម្រូវការ​ជាច្រើន​ពី​ទីនោះ​ផងដែរ ។​ភាគច្រើន​ភ្ញៀវ​ទេសចរណ៍ ដែល​មកពី​តាម​បណ្តា​ទីក្រុង​ខេត្ត​ផ្សេង​នៃ​ប្រទេស​ចិន ឆ្លងកាត់​តាម​ទីក្រុង​ម៉ា​កាវ មុននឹង​ពួកគេ​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​។ ដោយហេតុ​នេះហើយ​ទើប ខេ​ម​បូ​ឌា អ៊ែ​វ៉េ សម្រេច​ជ្រើសរើស​ជើងការ​ហោះហើរ​អន្តរជាតិ​លើកដំបូង ទៅកាន់​ទីក្រុង​មួយ​នេះ​។

ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែ​វ៉េ អះអាង​ទៀតថា ក្រៅពី​បើក​អោយមាន​ដំណើរការ​ទៅ​ទីក្រុង​ម៉ា​កាវ​នេះហើយ​ខេ​ម​បូ​ឌា អ៊ែ​វ៉េ នឹង​ចាប់ផ្តើម​បើក​ការហោះហើរ​ទៅកាន់​ទីក្រុង​ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន រួមទាំង​គោលដៅ​ផ្សេងទៀត​នៃ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មានដូចជា ប្រទេស​ថៃ សង្ហ​បុរី ហ្វីលីពីន ផងដែរ​។ ចំពោះ​គម្រោង​បន្ទាប់ ក្រុមហ៊ុន នឹង​ពង្រីក​ជើងហោះហើរ អោយ​កាន់តែ​ទូលាយ​ទៅកាន់​ប្រទេស​ខាង​ប៉ែក​អឺរ៉ុប និង​ប្រទេស​អូ​ស្រា្ត​លី​។ ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែ​វ៉េ ស​ង្ឈឹ​ម​ថា ការហោះហើរ​អន្តរជាតិ​លើកដំបូង​នេះ នឹង​ជួយ​ជម្រុញ​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា មិន​ថា​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អា​នាគ​ត ដ្បិតថា​ប្រទេស​កម្ពុជា​គឺជា​តំបន់​ទេសចរណ៍​ដែលមាន​ភាព​ទាក់ទាញ​ទាំង​ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​មាន​ធនធានធម្មជាតិ​ដ៍​ច្រើន​ស​ប្បូរ​បែប ក៍​ដូ​ជាវ​ប្បធ​ម៍​ជាតិ និង​តំបន់​ប្រវត្តិសាស្ត្រ​គួរអោយ​ចាប់អារម្មណ៍​ជាច្រើន​ផងដែរ​។

យោងតាម​ការបញ្ជាក់​ពី លោក គង់ សុភា​រក្ស ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍ នៃ​ក្រសួង​ទេស​ទេសចរណ៍ បានអោយដឹង​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា រយ​:​ពេល​៥​ខែ​ដើមឆ្នាំ​២០១៨ ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួលបាន​ភ្ញៀវ​ចិន​ចំនូ​ន​ជាង​៧៨​ម៉ឺន​៨​ពាន់​នាក់ ដែល​ចំនួន​នេះ​មានការ​កើន​៧៩% ធៀប​នឹង​ឆ្នាំមុន​។ ហើយ​តួលេខ​នេះ​បង្ហាញថា ភ្ញៀវ​ចិន​ឈរ​នៅ​លំដាប់​លេខ​១​ក្នុងចំណោម​ភ្ញៀវ​អន្តរជាតិ​មក​ព្រះរាជណាចក្រ​កម្ពុជា​។​

គួរ​រំលឹក​ដែរ​ថា មុននឹង​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នេះ​បើក​ការហោះហើរ​អន្តរជាតិ​លើកដំបូង​របស់ខ្លួន​ទៅកាន់​ទីក្រុង​ម៉ា​កាវ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា និង​ទីក្រុង​ម៉ា​កាវ ក៍​ធ្លាប់បាន​ជួបពិភាក្សា​គ្នា​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ​អំពី​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ណ៍​ក្នុង​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ទីក្រុង​ម៉ា​កាវ​នៃ​ប្រទេស​ចិន ព្រមទាំង​លើកទឹកចិត្ត​ដល់​វិនិយោគ​លើ​វិស័យ​អាកាសចរណ៍ អោយមាន​ការហោះហើរ​ត្រង់​រវាង​ទីក្រុង​ម៉ា​កាវ និង​ប្រទេស​កម្ពុជា​តែម្តង​៕