មន្ត្រី​កាំកុងត្រូល ចុះពិនិត្យ​គុណភាព​ទំនិញ​នៅ​ផ្សារ​គគីរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2018 ក+ ក-

​ខេត្តកណ្តាល​៖​សំដៅ​ពង្រឹង​សុវត្ថិភាព​ម្ហូបចំណី​អាហារ ជូន​ប្រជាពលរដ្ឋ​ដែល​ទិញ​យកទៅ​បរិភោគ​ប្រចាំថ្ងៃ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក អ៊ូ ម៉ាន​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត រួមជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មាការ​ផ្សារ បាន​ចុះ​ពិនិត្យ​គុណភាព​មុខទំនិញ​ដែល​កំពុង​ចរ​រាចរ​ណ៏​នៅក្នុង​ផ្សារ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ក្នុង​ការចុះពិនិត្យ​គុណភាព​ទំនិញ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ មន្ត្រី​កាំកុងត្រូល និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានធ្វើការ​ពិនិត្យ​គុណភាព​អាហារ​កំប៉ុង និង ផលិតផល​ផ្សេងៗ​ដែលមាន​សភាព​ខួច​គុណភាព​កំពិទ និង​ហួសការ​បរិ​ច្ជេ​ទ​ដែល​កំពុង​ចរាចរណ៍​នៅលើ​ទីផ្សារ​ក្នុង​គោលបំណង​ធានា បាន​នូវ​សុវត្ថិភាព​ចំណីអាហារ​សំរាប់​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់​ដោយ មិន​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់​។ ក្នុងការ​ត្រួតពិនិត្យ​ក្រុមការងារ​បានធ្វើការ​ពិនិត្យ​ដោយ​រថយន្ត​មន្ទីរ​ពិសោធ​ន៏​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន​កាំ​កុ​ត្រូល ទៅលើ​មុខទំនិញ​រួមមាន​៖ បន្លែ គ្រឿង​សមុទ្រ ជ្រក់ គុយទាវ មី ផ្លែឈើ បង្អែម ស្ករត្នោត​និង​គ្រឿងឧបភោគ បរិភោគ ដែលមាន​ចំនួន​៥៧​គំរូ ជា​លទ្ធផល​ក្រុមការងារ​បាន​រកឃើញ​មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់ បូរ៉ា​ក់​(Borax) ចំនួន​១​គំរូ​លើ​បង្អែម​លត​ខៀវ​ស្វិត​ហើយ​បានធ្វើ​ការដកហូត​ចំនួន​២​គីឡូក្រាម ណែនាំ​អោយ​ឈប់​លក់​បន្តទៀត និង​បាន​ចែក​ខិតប័ណ្ណ​អប់រំ​ស្តីពី​ចំណីអាហារ ជូន​ដល់​អាជីវករ​ដែល​គាត់​លក់ដូរ​តាម​ផ្ទះ​ជុំវិញ​ផ្សារ និង​ប្រជាពលរដ្ឋ​ផងដែរ​។​

​លោក អ៊ូ ម៉ា​នូ​រិ​ន ប្រធាន​សាខា​កាំកុងត្រូល បាន​ក្រើនរំលឹក​ដល់​អាជីវករ​ទាំងអស់​ត្រូវ​លក់​តែ​ផលិតផល​ដែលមាន​សុវត្ថិភាព​មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ ចៀសវាង​ប្រជាជន​ទិញយក​ទៅប្រើ​ប្រាស់​នាំអោយ​ប៉ះពាល់​ដល់​សុខភាព​កើត​ជម្ងឺ​ផ្សេងៗ​ធ្វើអោយ​ប្រជាជន​ត្រូវ​ចំណាយ​ថវិកា​មួយផ្នែកធំ​ដើម្បី​ព្យាបាល​ជម្ងឺ​ដែល​បង្កឡើង​ដោយ​ចំណី​មិនមាន​សុវត្ថិភាព​៕​