ភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសីទកាសែតមួយនាថ្ងៃពុធ ទី២៥ កក្កដានេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានគូសបញ្ជាក់ថា ជប៉ុននឹងមិនបញ្ជូនអ្នកសង្កេតការណ៍ មកឃ្លាំមើលការបោះឆ្នោតជាតិនៅកម្ពុជានាចុងសប្ដាហ៍នេះទេ បើទោះបីជាជប៉ុនគឺជាម្ចាស់ជំនួយដ៏សំខាន់មួយនៅក្នុងការបោះឆ្នោតនេះក៏ដោយ។
គួរជម្រាបជូនថា ជប៉ុនគឺជាប្រទេសម្ចាស់ជំនួយដ៏ចម្បងមួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា។ ថ្មីៗនេះ ប្រទេសជប៉ុនបានផ្ដល់ជំនួយជាហិបឆ្នោតចំនួន ១១,០០០ ហិប ក៏ដូចជារថយន្តប្រភេទ Pick Up ចំនួន៤០គ្រឿង សម្រាប់បម្រើឲ្យការបោះឆ្នោតជាតិឆ្នាំ២០១៨។ គិតទាំងលើកនេះទៀត ជំនួយរបស់ជប៉ុនសម្រាប់កម្ពុជា មានទំហំទឹកប្រាក់ជាង៧លានដុល្លារហើយ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យ បានបញ្ជាក់ថា ទោះបីមិនបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលដំណើរការបោះឆ្នោតក៏ពិតមែន ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga បានអះអាងថា ជប៉ុនបានបញ្ជូនអ្នកជំនាញជាច្រើនមកកម្ពុជា ក៏ដូចជាផ្ដល់ជំនួយបច្ចេកទេសដល់ការបោះឆ្នោតលើកនេះ។ លោកថា នេះបង្ហាញពីការគាំទ្ររបស់ជប៉ុន ចំពោះកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
ការសម្រេចរបស់ជប៉ុននេះ ត្រូវគេមើលឃើញថា បានធ្វើឡើងស្របពេលដែលស្ថានទូតអាមេរិក បានចេញប្រកាសថា គ្មានភ្ញៀវ ឬអ្នកសង្កេតការណ៍ណាម្នាក់ មកពីរដ្ឋាភិបាលអាមេរិក នឹងចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាដូចគ្នា។ ការសម្រេចរបស់អាមេរិកនាពេលនេះ ធ្វើឡើងស្រដៀងគ្នានឹងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានសម្តែងកង្វល់ដដែលៗ ចំពោះការវិវត្តន៍ផ្នែកនយោបាយនៅកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជាតិ អាណត្តិទី៦ នៅថ្ងៃទី២៩ កក្កដា។ ជាមួយគ្នានេះ គ.ជ.ប បានប្រកាសថា សម្រាប់ការបោះឆ្នោតនេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ជិត៨ម៉ឺននាក់ មកពី១០៧ស្ថាប័ន៕