៥​ឆ្នាំនេះ កម្ពុជា​ទទួល​ទុនវិនិយោគ​ថ្មី​ជាង​២៣​ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុនចម្រុះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៧​កន្លងទៅ ប្រទេស​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៩៧០​គម្រោង ទៅអោយ​ទាំង ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស ដែល​ចំនួន​ទុនវិនិយោគ​សរុប​នៃ​គម្រោង​ទាំងអស់នេះ មាន​ប្រមាណ​ជាង​២៣​ពាន់​លាន​ដុល្លារ​អាមេរិក និង ផ្តល់​ការងារ បាន​ជិត​១០​ម៉ឺន​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​។​

​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​បញ្ជាក់ថា ក្នុងចំណោម​គម្រោង​វិនិយោគ​សរុប​ទាំង​៩៧០​គម្រោង ដែល​ស្ថិតនៅក្រោម​ទុនវិនិយោគ​សរុប​ប្រមាណ​២៣​ពាន់​៤៨០​លាន​ដុល្លារ​អាមេរិក​របស់​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស រយៈពេល​៥​ឆ្នាំកន្លងមក គឺ មាន​៨១១​គម្រោង ផ្តោតលើ​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល ដោយមាន​ទុនវិនិយោគ​ស្មើនឹង​៣១% (​ជាង​៧,៣១៦,៧០​លាន​ដុល្លារ​) នៃ​ទុនវិនិយោគ​សរុប​។

​វិស័យ​កសិកម្ម​និង​កសិឧស្សាហកម្ម​មាន​៧៨​គម្រោង មាន​ទុនវិនិយោគ​ស្មើ​១២% (​ជាង​២៧៥០,៤៧​លាន​ដុល្លារ​) នៃ​ទុនវិនិយោគ​សរុប​។ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ផ្សេងៗ​មាន​៤៤​គម្រោង មាន​ទុនវិនិយោគ ស្មើនឹង​៣៥​ភាគរយ (៨,១៤៧.៩៥​លាន​ដុល្លារ​) នៃ​ទុនវិនិយោគ​សរុប​។ និង​វិស័យ​ទេសចរណ៍​មាន​៣៧​គម្រោង មនា​ទុនវិនិយោគ ស្មើនឹង​២២​ភាគរយ (៥,២៦៤,៨៦​លាន​ដុល្លារ​) នៃ​ទុនវិនិយោគ​សរុប​។

​របាយការណ៍ CDC ក៏បាន​បង្ហាញថា ក្នុង​រយៈពេល​៥​ឆ្នាំ​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អាជ្ញាប័ណ្ណ ឱ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២២​ទីតាំង ដែល​ធ្វើឱ្យ​ចំនួន​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​បាន​កើន​ដល់​៤៧ ហើយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​បាន​ដំណើរការ​មាន​១៨ ដែល​ក្នុងនោះ​មាន​រោងចក្រ​៣៣០ កំពុងមាន​សកម្មភាព​ផលិត​ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ជាង ៩​ម៉ឺន​៦​ពាន់​នាក់​៕​