អ្នក​ម្នាង ផល្លា រណឫទ្ធិ ត្រូវ​បញ្ជូន ពីមន្ទីរពេទ្យកាល់ម៉ែតទៅ​ព្យាបាល​បន្ថែម​នៅ​​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​២៦ មេសា​នេះ អ្នក​ម្នាង ផល្លា រណឫទ្ធិ ត្រូវបាន​បញ្ជូនទៅ​ប្រទេស​ថៃ​តាមរយៈ​ជើងយន្តហោះ​របស់​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ក្រុងភ្នំពេញ ដោយសារតែ​អ្នក​ម្នាង​មាន​របួស​ក្បាល ទោះបីជា​អ្នក​ម្នាង​បានដឹងខ្លួន និង​មាន​អាកា​រះ​ធូរស្រាល​ក៏ដោយ​។​

ក្រោយពី​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​រវាង​រថយន្ត​ដឹក​ដី និង​រថយន្ត BMW របស់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ នៅវេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​២៥ មេសា ក្នុងស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​បណ្តាល​ឲ្យ​រងរបួស​មនុស្ស​៦​នាក់ និង​អ្នក​ម្នាង​ផល្លា រង​បួស​ក្បាល ហើយ​ពេលនេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ប្រទេស​ថៃ ដើម្បី​ព្យាបាល​។​

​លោក ញេ​ប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច បាន​បញ្ជាក់ថា ទោះបីជា​ស្ថានភាព​របួស​របស់​អ្នក​ម្នាង ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បរទេស​ក្តី ប៉ុន្តែ​ពេលនេះ​អ្នក​ម្នាង​បានដឹងខ្លួន​វិញ​ហើយ គឺ​ដើម្បី​ពិនិត្យ​បន្ថែមទៀត ពី​ស្ថានភាព​របួស​របស់​អ្នក​ម្នាង ហើយ​បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ម្សិលមិញ គឺ​អ្នក​ម្នាង​បាន​ធូ​ស្រាល​ជាង​មុន ។ ចំណែក​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ វិញ​ក៏បាន​យាង​ទៅ​ប្រទេស​ថៃ​ដែរ ដើម្បី​អមដំណើរ​គ្រួសារ​របស់​ព្រះអង្គ​។​

​សូមបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​កាល​ពីថ្ងៃ​ទី​២៥ ខែមេសា នៅត្រង់ចំណុច​ភូមិ​អំពិល​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បានកើត​ឡើង​រវាង​ឡាន​ដឹក​ដី​ធន​ធ្ងន់​មួយគ្រឿង និង​ឡាន​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ជាមួយនឹង​ឡាន​មួយគ្រឿង​ទៀត​ក្នុង​ក្បួន​ហែហម​ព្រះអង្គ ក្នុង​ដំណើរ​ត្រឡប់​ពី​ការជួប​សំណេះសំណាល​អ្នកគាំទ្រ និង​សមាជិក​គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច ក្នុង​ខេត្តកំពង់ចាម​វិញ​៕

1ranaritសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុង​យាង​ចេញពី​កម្ពុជា នៅ​ព្រលានយន្តហោះ​។​@Thing Vandarong
7