ទឹកទន្លេ​មេគង្គ​លើ បន្ត​កើនឡើង​លិច​ចូល​តំបន់​មួយចំនួនទៀត ក្នុង​ខេត្តស្ទឹងត្រែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2018 ក+ ក-

​ស្ទឹងត្រែង ៖ គិត​មកដល់​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ទឹកទន្លេ​មេគង្គ​លើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​បន្ត​កើន​ឡើងដល់​កម្ពស់​១០.៨៤​ម៉ែត្រ ខណៈ​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​១០.៧០​ម៉ែត្រ ដែល​បណ្តាល​ឲ្យ​មានការ​ជន់​លិច​នៅតាម​តំបន់​មួយចំនួន ក្នុង​ក្រុង​ស្ទឹងត្រែង​។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ធនធានទឹក​។

​សូម​រំលឹកថា នៅ​ថ្ងៃទី​៣០ ខែកក្កដា ម្សិលមិញ ទឹកជំនន់​ទន្លេមេគង្គ​លើ ដែល​កំពុង​ហក់​ឡើង​ខ្លាំង ដោយសារ​មានការ​ធ្លាក់ភ្លៀង ជា​បន្ដបន្ទាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន នៅក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ឡាវ បាន​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ ក្នុងប្រទេស​កម្ពុជា បន្ដ​កើនឡើង ២-៣ ថ្ងៃ​បន្ថែមទៀត​។ ស្ដីអំពី​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់ថា យោងតាម​ការ​ព្យាករ កម្ពស់​ទឹកទន្លេ​មេគង្គ​លើ​កម្ពុជា អាច​កើន​ឡើងដល់ ​៖

* នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ស្ទឹងត្រែង ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់ ១១.៤០ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០.៧០ ម៉ែត្រ​)​។​
* នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ក្រចេះ ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់ ២២.១៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ​)​។​

* នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​កំពង់ចាម ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់ ១៥.២៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥.២០ ម៉ែត្រ​)​។​

​ក្រសួង​ធនធានទឹក និង​អាជ្ញាធរ​ដែនដី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះ​ថា្នក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ដោយឡែក អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ ក៏បាន និង​កំពុង​មមាញឹក​ក្នុង​ជួយ​អន្តរាគមន៍​ជម្លៀស​ពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព​៕​