មេ​សង្កាត់​ជលផល​ឆ្លូង​បើកដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​​កូនសត្វ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2015 ក+ ក-

​ខេត្តក្រចេះ​៖ តំបន់​បឹង​កូន​សត្វ នាពេល​បច្ចុប្បន្ននេះ កំពុង​ត្រូវបាន​ក្រុម​ជនខិលខូច​មួយក្រុម​ធំ ឃុបឃិត​គ្នា​បោះ​សម្រាស់​ហ៊ំ​ព័ទ្ធចាប់​ត្រី​យ៉ាង​អនាធិបតេយ្យ​គ្មាន​សមត្ថកិច្ច​ណា​ចេញមុខ​បង្ក្រាប​ឡើយ​។​

​ពលរដ្ឋ​បាន​រាយការណ៍​ថា បទល្មើស​នេសាទ​យ៉ាង​គគ្រឹកគគ្រេង​នោះ ក្រោម​ការបើក​ភ្លើង​ខៀវ​ពី​នាយ​សង្កាត់​ជលផល​ប្រចាំ​ស្រុក​ឆ្លូង​លោក ប៊ុណ្ណា រ៉ាវុធ ។​ចំណែក​លោក ប៊ុណ្ណា រ៉ាវុធ ត្រូវគេ​រាយការណ៍​ថា ទទួល​សំណែន​ក្នុង​មួយ​សម្រាស់​មិនតិចជាង​៤០.០០០​រៀល​ទេ ដែលមាន​សរុប​ក្នុង​តំបន់​បឹង​សត្វ​កូន​ទាំងអស់នោះ​ប្រមាណ​ជាង​១០០​វង់​។​

​សេចក្តីរាយការណ៍​បាន​បន្តទៀតថា ក្រុម​ឈ្មួញ​ទាំង​នោះបាន​កាប់​ព្រៃ​មក​ធ្វើជា​សម្រាស់​រួមទាំង​បទល្មើស ឆក់ ទាំងយប់ ទាំង​ថ្ងៃ យ៉ាង​គគ្រឹកគគ្រេង គ្មាន​សហគមន៍​ណាមួយ​រវល់​ឡើយ​ព្រោះ​ពួកគេ​ទាំងអស់នោះ​ត្រូវដង​ត្រូវផ្លែ ជាមួយ លោកនាយ​សង្កាត់​ជលផល​ប្រចាំ​តំបន់​នោះ​អស់​ទៅហើយ​។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ស្ថាប័ន ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ និង​នេសាទ មេ​ត្ត​ចាត់វិធានការ​ចំពោះ​បញ្ហា​នេះ​ផង​។​

​គួរ​បញ្ជាក់ថា បឹង​កូន​សត្វ​ស្ថិតនៅ​ក្នុងភូមិ​ព្រែក​សា​ម៉ាន់ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ បឹង​នេះ​ជា​បឹង​សហគមន៍ ភូមិ​ព្រែក​សា​ម៉ាន់ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ​៕

kratei