រឿង​បោះឆ្នោត សម្តេច​តេ​ជោ បបួល​លោក សម រង្ស៊ី ស្បថ​ដាក់​ជីវិត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2018 ក+ ក-

​ភ្នំពេញ ៖ បន្ទាប់ពី​ប្រកាស​លទ្ធផល​នៃ​ការ​បោ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ក្រុមប្រឆាំង​បាន​ចោទប្រកាន់​ជា​បន្តបន្ទាប់​ថា លទ្ធផល​ការបោះឆ្នោត​មិន​ពិត និង​មានការ​បន្លំ​។ ឆ្លើយតប​នឹង​បញ្ហា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ប្រើ​ជំរើស​ដោយ​បបួល​អ្នក​ដែល​និយាយ​នោះ អោយ​ស្បថ ដាក់​ជិវិត​។​

​ថ្លែង​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​បបួល​អ្នកប្រឆាំង ដែល​បាន​និយាយថា​លទ្ធផល​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨​នេះ មានការ​បន្លំ និង​បង្ខិតបង្ខំ​ប្រជាពលរដ្ឋ​នោះ អោយ​ហ៊ាន​ស្បថ​ដល់​ដាក់​ជិវិត បើសិនជា​ការនិយាយរ​បស់​ខ្លួន​នោះ​ពិតមែន​។ សម្តេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់ថា សម្តេច​ក៏​ហ៊ាន​ស្បថ​ដូចគ្នានេះដែរ ដោយ​ចាត់ទុក​ការ​បបួល​អោយ​ស្បថ​នេះ គឺជា​ជម្រើស​ចុងក្រោយ​មួយ កុំអោយ​នៅតែមាន​អ្នក​និយាយ​បំប៉ោង​រឿង​បោះឆ្នោត​នេះ​។ ការ​បបួល​ស្បថ​ដល់​ដាក់​ជិវិត​ដូចនេះ គឺ​ក្រោយ​ពេលដែល លោក សម រង្សី បាន​និយាយ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក ដោយ​ចោទថា លទ្ធផល​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨​ដែលមាន​អ្នកចូលរួម​បោះឆ្នោត​ជាង​៨២​ភាគរយ មានការ​បន្លំ និង​មានការ​បង្ខិតបង្ខំ​ប្រជាពលរដ្ឋ​ជាដើម ។

សម្តេច​ថ្លែងថា សាសនា​អ្វី​ក៏ដោយ មុន​ចូលកាន់​តំណែង​គឺ​ត្រូវ​ចូល​ស្បថ​ជាមុន ! រឿង​ស្បថ​នេះ ចង់​ស្នើថា ពួកអ្នកឯង​ហ៊ាន​ស្បថ​អោយ​រន្ទះបាញ់ រឺ​អោយ​ងាប់តៃហោង​អត់ បើ​អ្នកឯង​និយាយថា ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវបាន​គេ​បំ​ផិត​បំភ័យ និង​បង្ខំ អោយ​បោះឆ្នោត​កន្លងទៅ​។ ខ្ញូំ​ហ៊ាន​ស្បថ​អោយ​ងាប់​តាម​អ្វីដែល​យមរាជ​កំណត់ បើសិន​ខ្ញូំ​និយាយ​មិន​ពិត តែ​ពួកអ្នកឯង​ហ៊ាន​ស្បថ​ដែរ​អត់ ទោះ​ស្បថ​ដោយផ្ទាល់ រឺ​តាម​ហ្វេ​ស​ប៊ុ​ក​ក៏ដោយ ?ការ​បបួល​ស្បថ​នេះ គឺជា​ជំរើស​នៅសល់តែ​មួយគត់ បើ​អ្ន​កងង​នៅតែ​បំភ្លៃ​ការពិត​។

​ដើម្បី​បញ្ជាក់​អោយ​កាន់តែច្បាស់​ចំពោះ​ដំណើរការ​នៃ​រាជរដ្ឋាភិបាល​ថ្មី​ស្របច្បាប់ ក្នុង​អាណត្តិ​ទី​៦ រួម​និង​ការបំភ្លឺ​លើ​បញ្ហា​មួយចំនួន កុំអោយ​មានការ​ភ័ន្តច្រឡំ​ទៀត​នោះ សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ប្រកាសថា នឹងធ្វើ​សេចក្តី​ថ្លែង​ការ​ណ៌​មួយ​នៅ​អង្គការសហប្រជាជាតិ ក្រោយ​ពេលដែល​បង្កើត​រា​ជ​រដ្ឋាភិបាល​ថ្មី​រួចរាល់​។ ខ្ញុំ​ចង់​ប្រាប់​សារ​ទៅ​អ្នកខ្លះ​អោយបាន​ភ្លឺភ្នែក​… ខ្ញុំ​នឹង​ទៅ​អង្គការសហប្រជាជាតិ​ក្នុង​សហរដ្ឋអាមេរិក និង​ទៅកាន់​អឺរ៉ុប ដែល​នៅក្បែរ​តុលាការអន្តរជាតិ ដើម្បី​ថ្លែង​ការ​ណ៌​បំភ្លឺថា គ្មាន​ការទូត​ណាមួយ​ដកចេញ​ពី​កម្ពុជា​ទេ ហើយក៏​គ្មាន​ការហាមឃាត់​រឺ​ការចាប់ខ្លួន​ខ្ញុំ​នោះទេ​។​

​ទន្ទឹមនេះ សម្តេច​តេ​ជោ សង្ឃឹមថា នឹង​អាច​រៀបចំ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​រួចរាល់​ក្នុង​ចុងខែ​សីហា​រឺ​ដើមខែ​កញ្ញា មុន​កាលកំណត់ បើសិនជា​មិនមាន ការប៉ះពាល​ដល់​ផ្នែក​ច្បាប់​នោះទេ ដោយ​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា បញ្ជី​សមាជិក​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​នេះ មាន​ចំនួន​តែ​៣០​នាក់ ដោយ​មិន​រាប់បញ្ចូល​ថ្នាក់​រដ្ឋលេខាធិការ​ទេ ហើយក៏​ត្រូវបាន​រៀបចំ​ក្នុង​ដៃ​ជាស្រេច​ទៅហើយ រង់ចាំតែ​បញ្ជូនទៅ​រដ្ឋសភា​ប៉ុណ្ណោះ ៕​