សមាជិក​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៦ ជម្រុះ​នៅសល់តែ​ជាង​៣០​រូប​​ប៉ុណ្ណោះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2018 ក+ ក-

​ភ្នំពេញ ៖ យោងតាម​ព្រះរាជក្រម​ដែល​ចេញ​ដោយ​ព្រះមហាក្សត្រ ប្រកាស​ឲ្យ​ប្រើ​កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៨ ដោយបាន​កែប្រែ​ផ្អែកលើ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​ចាស់ តាំងពី​ឆ្នាំ​១៩៩៤​នោះ សមាជិក​រដ្ឋាភិបាល​នៅ​អាណត្តិ​ទី​៦ នេះ នឹងមាន​ប្រមាណ​តែ​ជាង​៣០​រូប ប៉ុណ្ណោះ ខុសពី​អាណត្តិ​មុន មាន​ទៅដល់​ជាង​២០០​នាក់ ដែល​ត្រូវបាន​គេ​រិះគន់ថា ជា​រដ្ឋាភិបាល​ក្បាលដំរី កន្ទុយ​កណ្តុរ​។​
​គួរ​ជម្រាប​ថា ចំនួន​សមាជិក​រដ្ឋាភិបាល​កម្ពុជា ដែល​ធ្លាប់​តែមាន​ដល់​ទៅ​រាប់រយ​នាក់​កាលពី​អាណត្តិ​មុន ហើយ​ធ្លាក់​មក​សល់​តិចតួច​ក្នុង​អាណត្តិ​ទី​៦ នេះ គឺ​ដោយសារតែ​សមាសភាព​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ដ៏​ច្រើនសន្ធឹក​សន្ធាប់ មិន​ត្រូវបាន​រាប់បញ្ចូល​ជា​សមាជិក​រដ្ឋាភិបាល​ដូច​អាណត្តិ​មុនៗ​ទៀត​ទេ​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​-​កីឡាការិនី កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សមាជិក​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុង​អាណត្តិ​ទី​៦ នេះ នៅសល់​ប្រមាណ​តែ​៣០​នាក់​ប៉ុណ្ណោះ​។ សម្តេច​ថា ក្នុងនាម​លោក​ជា​ប្រធាន​គណបក្ស​ដែល​ឈ្នះ​ការបោះឆ្នោត និង​ជា​អនាគត​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦ គឺ​សម្តេច​បានជ្រើសរើស​រួច​រាល់​អស់ហើយ​ថា អ្នកណាខ្លះ​នឹងត្រូវ​ធ្វើជា​រដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ថ្មី​នេះ​។ ចំណែក​ក្បាលម៉ាស៊ីន​រដ្ឋសភា ក៏​សម្តេច​បានរៀបចំ​រួចហើយ​ដែរ​៕