កម្ពុជា ចាប់ផ្តើម​សង់​ផែ​ទេសចរណ៍​លើកដំបូង​ត​ម្លែ​៨​លាន​ដុល្លារ​នៅ​ខេត្តកំពត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2018 ក+ ក-

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ថ្មី​មួយ ជា​លើកដំបូង​នៅ​ឆ្នេរសមុទ្រ​ក្នុង​ខេត្តកំពត ដែល​គម្រោង​នេះ ត្រូវបាន​ចាប់ផ្តើម​បើក​ការសាងសង់​ហើយ ដោយ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៨​លាន​ដុល្លារ​អាមេរិក ប្រើប្រាស់​កម្ចី​ពី​ធនាគារ ADB​។

​គម្រោង​កំពង់ផែ​ទេសចរណ៍​ថ្មី​មួយ ក្នុង​ខេត្តកំពត បានចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង លោក ជាវ តា​យ អភិបាល​ខេត្តកំពត រួម​និង​វត្តមាន​តំណាង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា ដែលជា​ម្ចាស់ជំនួយ​គម្រោង​នេះ​ផងដែរ​។ គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៨​លាន​ដុល្លារ​អាមេរិក គឺ​ស្ថិតក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមាន​ទីតាំង​ក្នុង ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ។

លោក ជាវ​តា​យ អភិបាល​ខេត្តកំពត បានចាត់ទុក​គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ មាន​សារៈសំខាន់​ណាស់​ក្នុង​ការតភ្ជាប់​ទេសចរ​ណ៍​តាមផ្លូវ​ទឹក​ពី​ប្រទេស​នានា​មកកាន់​ខេត្តកំពត ។ លោក​បង្ហាញថា​ខេត្តកំពត មាន​រមណីយដ្ឋាន​ទេសចរណ៍​17​កន្លែង​និង​សហគមន៍​ទេ​ចរណ៍​ចំនួន​4​កន្លែង ដែលមាន​គោលដៅ​ទាក់ទាញ​ផ្សេងៗ​គ្នា​។ ចំណែក​សេវា​ស្នាក់​នៅក្នុង​ខេត្តកំពត មាន​ចំនួន​220​កន្លែង​។ ទន្ទឹមនេះ លោក ថោង​ខុន ក៏បាន​ចាត់ទុក កា​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ គឺជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ខេត្តកំពត​។

​លោក ថោង​ខុន បង្ហាញថា ក្នុង​រយពេល​6​ខែ​ដើមឆ្នាំ​2018​នេះ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជា​3​លាន​នាក់ គឺ​កើនឡើង​13%​។​
​បើតាម​ការ​ព្យាក​ណ៍​នា​ឆ្នាំ​2020​កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​7​លាន​នាក់​ដែល​នឹង​ផ្តល់​ចំណូល ប្រមាណ​ជាង​5​ពាន​លាន​ដុល្លារ​អាមេរិក រួម​និង​ផ្តល់ ការងារ​ផ្ទាល់​ក្នុងស្រុក​បាន​ប្រមាណ​ជាង​1​លាន​នាក់​ថែមទៀត​។

​បើតាម​ប្រភពពី​មន្ទីរ​ទេសចរណ៍​ខេត្តកំពត នាពេល​កន្លងមក បានអោយដឹងថា តាម​ការគ្រោងទុក​កំពង់ផែ​នេះ​អាច​នឹង​សាងសង់​ចប់​រួចរាល់ នា​ចុងឆ្នាំ​២០១៩ ដែល​ពេលនោះ​នឹង​ធ្វើអោយ​កំពង់ផែ​ទេសចរណ៍​ថ្មី​នេះ អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​បណ្តា​ប្រទេស​នានា​បន្ថែមទៀត ជាពិសេស​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ខណៈដែល ឯ​.​ឧ​. ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់បាន​ថ្លែងថា កំពង់ផែ​ទេសចរណ៍​ខេត្តកំពត​នេះ នឹង​អាច​ឲ្យ​ភ្ញៀវទេសចរ​ឆ្លងកាត់​បាន​ចំនួន​១​លាន​៥​សែន​នាក់​ក្នុង​១​ឆ្នាំ​។ ម្យ៉ាងវិញទៀត កំពង់ផែ​ទេសចរ​ណ៌​អន្តរជាតិ​នេះ អា​ចត​ភ្ជាប់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ តាមរយៈ​នាវា​ល្បឿន​លឿន និង​នាវា​ទេសចរណ៍​ខ្នាត​ធំ ដែល​នឹង​ផ្តល់​ភាពងាយស្រួល​សម្រាប់អ្នកទេសច​រ​ណ៌ មានបំណង​ចង់​បន្តដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ដូចជា ពី​ខេត្តកំពត ទៅ​ភ្នំ​បូកគោ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​ជាដើម ។

​កំពង់ផែ​ថ្មី​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​ស្រូបយក​ភ្ញៀវទេសចរ​អឺរ៉ុប​កាន់តែច្រើន​ផងដែរ ព្រោះ​វា​ផ្ដល់នូវ​សេវាកម្ម​ទេសចរណ៍​ជា​កញ្ចប់ ដែល​នាំ​ភ្ញៀវទេសចរ​ពី​ខេត្តកំពត ទៅកាន់​កោះ Phu Quoc (​កោះត្រល់​) ប្រទេស​វៀតណាម និង​ដែនសមុទ្រ​ប្រទេស​ថៃ​ទៀតផង ។

​គួរ​បញ្ជាក់ថា ទិន្នន័យ​អ្នកទេសចរ​មកកាន់​ខេត្តកំពត កាលពី​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​សរុប​ជាង ១​លាន ៦​សែន​នាក់ ក្នុងនោះ ភ្ញៀវទេសចរ​ណ៌​ជាតិ​មាន​ជាង ១​លាន​៤​សែន និង​អ្នកទេសចរ​បរទេស ជាង​១៦​ម៉ឺន​នាក់ ។ ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​៧០​ជាតិ​សាសន៍​ដែលមាន​វត្តមាន​ក្នុង​ខេត្តកំពត​នេះ គឺ​ភ្ញៀវ​ជនជាតិ​វៀតណាម​ស្ថិតក្នុង​លំដាប់​ទី​១ ខណៈ​បារាំង​លំដាប់​ទី​២, អង់គ្លេស​លំដាប់​ទី​៣, អាល្លឺម៉ង់​លំដាប់​ទី​៤ និង​អាមេរិក​លំដាប់​ទី​៥ ៕