រដ្ឋមន្ត្រី​រ៉ូ​វ៉ាន់ដា បញ្ចុះបញ្ចូល​កម្ពុជាឱ្យ​គាំទ្រ​ខ្លួនធ្វើជា​អគ្គលេខាធិការ​ថ្មី​នៃ​ក្រុម​ប្រទេស​និយាយ​បារាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2018 ក+ ក-

​ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨​នេះ បានអនុញ្ញាត​ឲ្យ​លោកជំទាវ ល្វី​ស មុ​ស៊ី​គី​វ៉ា​បូ រដ្ឋមន្ត្រីការបរទេស កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​សហគមន៍​អាហ្វ្រិក​បូព៌ា​នៃ​សាធារណរដ្ឋ​រ៉ូ​វ៉ាន់ដា និង​លោក ម៉ា​ម៉ា​ឌី ទូ​រ៉េ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ហ្គី​ណេ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​។​

​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​ដែល​ទើប​ចូលមក​ជំនួស​តំណែង​លោក ជុំ សុន្ទរី បាន​ប្រាប់​ក្រុម​អ្នកព័ត៌មាន​នៅក្រោយ​ជំនួប​ថា ក្នុងជំនួប​នោះ​លោកជំទាវ ល្វី​ស មុ​ស៊ី​គី​វ៉ា​បូ បាន​ជម្រាប​គោលបំណង​របស់លោក​ជំទាវ​មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ​។ បំណង​របស់​លោកជំទាវ គឺ​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​កម្ពុជា​ដែលជា​សមាជិក​អង្គការ​ប្រទេស​និយាយ​ភាសា​បារាំង បោះឆ្នោត​គាំទ្រ​លោកជំទាវ​ធ្វើជា​អគ្គលេខាធិការ​ថ្មី​នៃ​អង្គការ​មួយ​នេះ​។​

​លោកជំទាវ បាន​អះអាងថា បើសិន​លោកជំទាវ​ជាប់​ជា​អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​មួយ​នេះ លោកជំទាវ​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ជាពិសេស​ផ្តោតលើ​យុវជន​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ទិដ្ឋភាព​នយោបាយ ក៏ដូចជា​ទិដ្ឋភាព​សេដ្ឋកិច្ច​។ លោកជំទាវ ក៏​សន្យា​ជំរុញ​តួនាទី​អង្គការ​អន្តរជាតិ​នេះ ឲ្យ​មាន​តុល្យភាព​ផងដែរ​លើ​ការអនុវត្តន៍​នូវ​នយោបាយ និង​សេរីភាព​របស់​ប្រទេស​ជា​សមាជិក​។​

​បើតាម​អ្នកនាំពាក្យ​ថ្មី ជា​កិច្ច​ឆ្លើយតប​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែង​អរគុណ​ចំពោះ​វត្តមាន​របស់លោក​ជំទាវ ល្វី​ស មុ​ស៊ី​គី​វ៉ា​បូ និង លោក ម៉ា​ម៉ា​ឌី ទូ​រ៉េ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ហ្គី​ណេ ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

​ចំពោះ​សំណើ​គាំទ្រ​លោកជំទាវ ល្វី​ស មុ​ស៊ី​គី​វ៉ា​បូ ជា​អគ្គលេខាធិការ​ថ្មី​នៃ​អង្គការ​ប្រទេស​និយាយ​ភាសា​បារាំង​នោះ ត្រូវបាន​ក្រសួងការបរទេស​ដាក់​សំណើ​សម្រេច​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​រួចហើយ​។ ចំណែក​លទ្ធផល​នឹង​ដឹង​នៅពេល​បោះឆ្នោត​ដែល​នឹង​ធ្វើឡើង​នៅ ខែតុលា ឆ្នាំ​២០១៨ នៅ​ប្រទេស​អា​មេ​នី​។​

​ក្នុងជំនួប​ព្រឹក​មិញ​នេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ជម្រាបជូន​ភ្ញៀវ និង​ចែករំលែក​គំនិត​មួយចំនួន​លើ​កិច្ចសហប្រតិបត្តិការ និង​ការជំរុញ​ឲ្យ​អង្គការ​ប្រទេស​និយាយ​ភាសា​បារាំង​មានការ​រីកចម្រើន និង​វិបុលភាព​។​

​សូមបញ្ជាក់ថា លោកជំទាវ ល្វី​ស មុ​ស៊ី​គី​វ៉ា​បូ រដ្ឋមន្ត្រីការបរទេស​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​សហគមន៍​អាហ្វ្រិក​បូព៌ា​នៃ​សាធារណរដ្ឋ​រ៉ូ​វ៉ាន់ដា និង​លោក ម៉ា​ម៉ា​ឌី ទូ​រ៉េ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ហ្គី​ណេ គឺជា​ភ្ញៀវ​អន្តរជាតិ​ដំបូង​គេ​ហើយ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្រោយ​ប្រទេស​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ​។

​លោកជំទាវ ល្វី​ស មុ​ស៊ី​គី​វ៉ា​បូ និង​លោក ម៉ា​ម៉ា​ឌី ទូ​រ៉េ កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​និយាយ​ភាសា​បារាំង​នៅ​ឥណ្ឌូចិន ដូចជា កម្ពុជា ឡាវ និង​វៀតណាម ដើម្បី​ស្វែងរក​ការគាំទ្រ​សម្រាប់​បេក្ខភាព​ជា​អគ្គលេខាធិការ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​៕