កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង​២​លាន ៥​សែន​នាក់ នៅ​៥​ខែ​ដើម​ឆ្នាំនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2018 ក+ ក-

ភ្នំពេញ ៖ យោងតាម​ការចុះផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ក្នុង​រយៈ ពេល ៥​ខែ ដើមឆ្នាំ​២០១៨​នេះ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ២​លាន ៥​សែន​នាក់​កើនឡើង​១៣,៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ ក្នុងនោះ ភ្ញៀវ​ចិន​ឈរ​លំដាប់ថ្នាក់​ទី​១ គឺ​ក្នុង​កំណើន ៧៨,៧% ទី​២ គឺ​វៀតណាម តែ​ថយចុះ ២,៥% និង​លំដាប់ថ្នាក់​ទី​៣ គឺ​ភ្ញៀវទេសចរ​ឡាវ ថយចុះ ៣,២% ។​

ចំពោះ​ប្រភព​ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​មក​កម្ពុជា នៅក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៨​នេះដែរ គឺមាន​ដូចជា ភ្ញៀវទេសចរ​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កើនឡើង ១៩,៤% ខណៈដែល​ភ្ញៀវ​មកពី​តំបន់​អាស៊ាន​បាន​ថយចុះ ៥,៩% ។ ចំណែក​ភ្ញៀវ​មកពី​តំបន់​អឺរ៉ុប​ក៏មាន ការថយចុះ ៥,៩%​ដូចគ្នា ហើយ​ភ្ញៀវទេសចរ​មកពី​តំបន់​អាមេរិក​ក៏បាន​ថយចុះ​ប្រមាណ ៣,៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៧ ។​

របាយការណ៍​ដដែល ក៏បាន​បង្ហាញថា ទេសចរ​អន្តរជាតិ​ដែល​បានមក​ទស្សនា​នៅ​កម្ពុ​ជាច្រើន ទស្សនា​នៅ​រាជធានី​ភ្នំពេញ តំបន់​សៀមរាប​អង្គរ តំបន់ឆ្នេរ​សមុទ្រ និង​ទីកន្លែង​ដទៃៗ​ទៀត ដូចជា តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន និង​តំបន់​ប្រាសាទព្រះវិហារ​ជាដើម​៕