ប្រធានាធិបតី​អ៊ីរ៉ង់ ប្រាប់​កូរ៉េខាងជើង កុំ​ឲ្យ​ទុកចិត្ត​សហរដ្ឋអាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2018 ក+ ក-

​អ៊ីរ៉ង់ ៖ សារព័ត៌មាន​ក្នុង​តំបន់​បាន​រាយការណ៍​ថា ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាសាន រ៉ូ​ហា​នី បាន​ព្រមាន​ថា រដ្ឋបាល​សហរដ្ឋអាមេរិក​មិនអាច​ទុកចិត្ត​បានទេ ខ​ណះ​ដែល​លោក​បាន​ជួប​ជាមួយ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក រី យ៉ុង​ហូ ក្នុង​ទីក្រុង​តេ​អេ​រ៉ង់​។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បានចេញ​បទបញ្ជា​មួយ កាលពី​ខែមិថុនា ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​ឡើងវិញ បន្ទាប់ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ 2015 ដោយ​ផ្តោតលើ វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​អ៊ីរ៉ង់​។​

លោក​រូ​ហា​នី បាន​និយាយថា អាកប្បកិរិយា​របស់​ក្រុង​វ៉ាស៊ីនតោន ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បាន​បង្ហាញថា សហរដ្ឋអាមេរិក​មិនបាន​ត្រៀមខ្លួន ដើម្បី​រក្សា​ការសន្យា​កិច្ចព្រមព្រៀង​អន្តរជាតិ​របស់ខ្លួន​នោះទេ ។

​សារព័ត៌មាន​IRINN បាន​រាយការណ៍​ថា ក្នុងអំឡុងពេល​នៃ​ជំនួប ជាមួយ លោក រី យ៉ុង​ហូ លោក​រូ​ហា​នី បាន​គូសបញ្ជាក់​ពី​សារៈសំខាន់ នៃ​ការបង្កើត​សន្តិភាព និង​ស្ថិរភាព នៅ​ឧបទ្វីប​កូរ៉េ​ផងដែរ​។​

​ក្រុមមន្ត្រី​អាមេរិក​បាន​និយាយ កាលពីពេល​ថ្មីៗ​នេះ​ថា ពួកគេ​មានបំណង​ដាក់​សម្ពាធ លើ​បណ្តា​ប្រទេស​ជាច្រើន ឱ្យ​បញ្ឈប់​ការទិញ​ប្រេង​ពី​អ៊ីរ៉ង់ ក្នុង​គោលបំណង​បង្ខំ​ឱ្យ​រដ្ឋាភិបាល ទីក្រុង​តេ​អេ​រ៉ង់ ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល និង​ការចូលរួម​នៅក្នុង​ជម្លោះ​ក្នុង​តំបន់ នៅក្នុង​ប្រទេស ស៊ី​រី និង​អ៊ីរ៉ាក់​៕