ព្រលាន​អន្តរជាតិ​ភ្នំពេញ​ពង្រីក​វិសាលភាព​សេវាកម្ម និង​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2018 ក+ ក-

​ភ្នំពេញ ៖ ផ្អែកលើ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ ចេញ​-​ចូល តាម​ច្រកទ្វារ អន្តរជាតិ​ភ្នំពេញ មាន​កំណើន​យ៉ាងគំហុក នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ បានធ្វើការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ក្នុង​នោះបាន​ពង្រីក​សេវាកម្ម​បំរើភ្ញៀវ ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ​ព្រលាន បាន​ធំ​ទូលាយ មាន​សោ​ភណ្ឌ​ភាព សុវត្ថិភាព និង​បង្ករ​ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ ការរង់ចាំ ប្រកបដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​។​

​លោកស្រី ក្លូ​អេ ឡា​ពែ​រ័ ប្រធាន​គ្រប់គ្រង​ទូទៅ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានឱ្យដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ សីហា​នេះ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​បង្ហាញ​ពី​ការអភិវឌ្ឍន៍ និង​ការពង្រីក​វិសាលភាព របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​បំរើសេវា​កម្ម ក៏ដូចជា​ឆ្លើយតប​ទៅនឹង​ការកើនឡើង នៃ​ចំនួន​ភ្ញៀវទេសចរ ចេញ​- ចូល ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​។​
​លោកស្រី ប្រធាន​គ្រប់គ្រង​ទូទៅ បានឱ្យដឹងថា “​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​អភិវឌ្ឍន៍​ជាច្រើន ដែល​ក្នុងនោះ បាន​ពង្រីក​ស្ថាន​នី​យ៍​ជា​ដំណាក់កាល ទាំង​ផ្នែក​ខាងក្នុង និង ខាងក្រៅ ។ ផ្នែក​សាធារណៈ​មាន​កន្លែង​ទទួលភ្ញៀវ មាន​ដំបូល មាន​កន្លែង​អង្គុយ​រង់ចាំ រួមទាំង​មាន​ចំណតរថយន្ត​ថ្មី ធំ​ទូលាយ និង​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ លឿន រហ័ស​ទាន់​ចិត្ត ពោលគឺ​បង្កើន​ច្រកចូល និង​ច្រកចេញ ច្រើនជាង​មុន មាន​ផ្លូវ​បើកបរ តាម​បទដ្ឋាន​បច្ចេកទេស មិន​ធ្វើឱ្យមាន​ការកកស្ទះ ឬ យឺតយូរ ដូច​ពីមុន​ទៀតឡើយ​។ ក្រៅពីនេះ ក៏មាន​ហាង​កាហ្វេ មាន​កន្លែង​លក់​កាត​ទូរស័ព្ទ មាន​សេវា​រថយន្តក្រុង រថភ្លើង និង​តាក់ស៊ី​គ្រប់​ប្រភេទ​ទៀតផង​”​។​

​លោកស្រី ក្លូ​អេ ឡា​ពែ​រ័ បន្តទៀតថា រាល់​ការប្រើប្រាស់​សេវាកម្ម​ថ្មី ទាំងនេះ អតិថិជន ត្រូវ​បង់ប្រាក់​ជាមុន​។ ចំពោះ​រថយន្ត គ្រប់​ប្រភេទ ក្រោយពេល​បង់ប្រាក់ អាច​សំ​ណត​បានត្រឹមតែ​១៥​ទៅ​២០​នាទី​ប៉ុណ្ណោះ លើ​ពីនេះ គឺ​ត្រូវ​គិត​ប្រាក់​បន្ថែម​ទៅតាម ម៉ោង​ពេល ដែល​អ្នក​ត្រូវ​ចេញដំណើរ ពី​ចំណត ក្នុង​ព្រលាន​។

​សម្រាប់​សេវា​គិត​ប្រា​ក់មាន​២​ប្រភេទ អតិថិជន​អាច​ជ្រើស​រើសយក​ការប្រើប្រាស់ ប្រព័ន្ធ​កាត​ពណ៌​ស្វាយ ឬ ប្រើប្រាស់​សេវាកម្ម​ធម្មតា គឺ​ពេល​ចូល​ត្រូវ​ចុច​យក​បង្កាន់ដៃ​ផ្ញើ និង​មុនពេល​ចាកចេញ ត្រូវយក​បង្កាន់ដៃ​នោះ​ទៅ​បង់ប្រាក់​ជាមុន​។ យ៉ាងណា​លោកស្រី​ថា ការប្រើប្រាស់​កាត​ពណ៌​ស្វាយ​ចំណេញ និង​មាន​អាទិភាព​ច្រើនជាង ពោលគឺ​រាល់​ការចេញចូល​មិនបាច់​មាន​សំបុត្រ​ទេ គ្រាន់តែ​អ្នកបើកបរ ត្រូវ​បើកបរ​ទៅតាម​ផ្លូវ ដែល​បានកំណត់ ចំណែកឯ​ការគិត​ប្រាក់ គឺ​គិត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិ តាម​ពេល​ម៉ោង និង​តាម​ស្លាក​លេខ​រថយន្ត​របស់​អ្នក​។ រីឯ​ត​ម្ល​វិញ មានការ​ប្រែប្រួល​បន្តិច​បន្តួច សម្រាប់​រថយន្ត ចំពោះ​ម៉ូតូ​មួយគ្រឿង ២០០០​រៀល​ក្នុង​១​ថ្ងៃ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅ​ព្រលានយន្តហោះ​អន្តរជាតិ ភ្នំពេញ បាន​ពង្រីក​ចំណត រថយន្ត​រហូតដល់​ទៅ​៤៥០​កន្លែង ក្នុង​១​ថ្ងៃ​មាន​រថយន្ត​ចេញ​-​ចូល ប្រមាណ​ជា​៣០០០​គ្រឿង ហើយ​មាន​ចំណត​ម៉ូតូ​២​កន្លែង ចំណត​ភ្ញៀវ និង​ចំណត​បុគ្គលិក ក្រៅពីនេះ មាន​ចំណត​តាក់ស៊ី ចំណតរថយន្ត​ក្រុង ចំណត​រថភ្លើង និង​ចំណត​ម៉ូតូ​កង់​បី នៅ​ដាច់ដោយឡែក​ពីគ្នា ៕