សម្តេច​តេ​ជោ បន្ត​ជួប​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​៥​ពាន់​នាក់​នៅ​ខណ្ឌ​សែន​សុខ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន បន្ត​ចុះ​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​ជាង​១​ម៉ឺន​៥​ពាន់ នៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ នេះ​ជា​លើក​ទី​៣ នៅ​ដើម​អាណត្តិ​៦ ដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​ចុះ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​កម្មករ​។

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា កម្មករ និយោជិត ដែល​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅថ្ងៃនេះ មកពី​រោងចក្រ សហគ្រាស​ចំនួន​១៧ មកពី​ខណ្ឌឫស្សីកែវ​ចំនួន​៩ ខណ្ឌ​ជ្រោយចង្វា​ចំនួន​៣ ខណ្ឌ​ព្រែក​ព្នៅ​ចំនួន​៤ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​១​។​រោងចក្រ សហគ្រាស​ទាំង​១៧​នេះ វិនិយោគ​ដោយ​ជនជាតិ​ចិន​ចំនួន​១២, វិនិយោគ​ដោយ​កូរ៉េ​ចំនួន​១, វិនិយោគ​ដោយ​ម៉ាឡេស៊ី​ចំនួន​២ និង​វិនិយោគ​ដោយ​ជនជាតិខ្មែរ​ចំនួន​២​។ មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​១២, ផលិត​ស្បែកជើង​ចំនួន​២, តម្បាញ​១, ផលិត​ស្រោមដៃ​ចំនួន​១ និង​បោកគក់​ចំនួន​១​។

​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន​សរុប​ចំនួន ៤,៤៥៣ មាន​កម្មករ និយោជិត​ចំនួន ៧៧​ម៉ឺន​២​ពាន់​៨៣៦​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ១,៨៥៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន​៦៨៨ មាន​កម្មករ និយោជិត​ចំនួន ៤០​ម៉ឺន ៨,២៣៤​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ៩៨០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត ថ្លែងអំណរគុណ​ដល់​ប្រជាជន​កម្ពុជា​យ៉ាងច្រើន​លើសលុប ដែល​បាន​ទៅ បោះឆ្នោត និង​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​រហូតដល់​ជាង​៧៧ ភាគរយ ក្នុងចំណោម​អ្នកបោះឆ្នោត​ជាង​៨៣​ភាគរយ​។ សម្តេច​តេ​ជោ បាន បញ្ជាក់ថា ចំនួន​អ្នកចូលរួម​ដ៍​ច្រើន​នេះ គឺជា​ជោគជ័យ​ដ៍​ធំ​មួយ​សម្រាប់​ការបោះឆ្នោត គ្រា​ដែល​ប្រជាជន​កម្ពុ​ជាមាន​ភាពចាស់ទុំ​ក្នុងការ​ប្រើប្រាស់​សិទ្ធិ​រប​ស់​ខ្លួន ក្នុងការ​បោះឆ្នោត​។

​បើតាម​សម្តេច​តេ​ជោ នៅ​ម៉ោង ៧ និង​៣០​នាទី យប់​នេះ​ការប្រកាស​លទ្ធផល​ផ្លូវការ​នឹងត្រូវ​ធ្វើឡើង ទន្ទឹង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​អាសនៈ​ច្រើន​លើសលុប​នៅក្នុង​រដ្ឋសភា​។ សម្តេច តេ​ជោ​កត់សំគាល់​ឃើញថា ក្រោយ​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៦​នេះ ការ លក់ដូរ ការធ្វើ​អាជីវកម្ម និង​ជីវភាព​ប្រជាជន​ប្រចាំថ្ងៃ នៅតែ​បន្ត​ដំណើរការ ទៅជា​ធម្មតា ដោយ​គ្មាន​ការភ័យខ្លាច​ដូច​ទៅនឹង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៣​។ ជាមួយគ្នានេះ​ប្រាក់ចំណូល​ដែល​បាន​ពី​ការប្រមូល​ពន្ធ​នៅតែ​បន្ត កើន ដី​នៅតែ​បន្ត​ឡើងថ្លៃ និង​អតិផរណា​មានកំ​រិត​ទាប​ធៀប​ទៅនឹង​ក្រោយ​ការ បោះឆ្នោត​អាណត្តិ​មុន​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៅតែមាន​ម​ហិ​ច្ច​តា​ចង់​ឲ្យ​រោងចក្រ​នៅ​កម្ពុជា ក្លាយជា​សហគមន៍​សុខសាន្ត និង​ប្រកបដោយ​សុខុម​នីយកម្ម ដោយ​ធ្វើ​យ៉ាង ណា​កុំ​មាន​បងតូច​បងធំ​នៅតាម​រោងចក្រ និង​ធ្វើយ៉ាងណា​កុំ​ឲ្យ​មានការ​ប្រើ ប្រាស់​សារធាតុ​ញៀន​នៅក្នុង​រោងចក្រ ដោយ​ធ្វើ​ការអប់រំ​គ្នា​ទៅវិញទៅមក​៕​