អាជីវក​រងាក​ទៅរក​ផ្សារ​សូរិយា​វិញ ក្រោយពេល​ជួសជុល​កែលម្អ​រួចរាល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 August, 2018 ក+ ក-

​ភ្នុំពេញ ៖ ដើម្បី​ទាក់ទាញ​អតិថិជន​ឡើងវិញ និង​ប្រកួតប្រជែង​ជាមួយ ផ្សារ​ទំនើប​ធំៗ​មកពី​ក្រៅប្រទេស​ផង​នោះ ផ្សារ​ទំនើប​សូរិយា ដែលជា​ផ្សារ​ទំនើប​ដំបូង​គេ បាន​រិះរក​វិធី​កែលម្អ​ជាបន្ទាន់ ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក និង​ប្តូរ​ឈ្មោះ​ទៅជា​ផ្សារ​ទំនើប Sorya Center Point​វិញ ចាប់តាំងពី​ចុងឆ្នាំ​២០១៧​។ មកដល់​ពេលបច្ចុប្បន្ន​នេះ គេ​ឃើញ​មាន​បណ្ដា​ភោជនីយដ្ឋាន​និង​ហាង​ល្បីៗ​ចាប់ផ្ដើម​ចូលធ្វើ​អាជីវកម្ម​វិញ​ហើយ ខណៈ​ភ្ញៀវ​ក្នុងស្រុក និង​អ្នកទេសចរ​បរទេស​ក៏បាន​ចាប់អារម្មណ៍​មកកាន់​ផ្សារ​ទំនើប​មួយ​នេះ​ឡើងវិញ​ដែរ​។​

​ដោយសារ​តែមាន​ការហូ​រ​ចូល​ផ្សារ​ទំនើប​ធំៗ​ពី​ក្រៅប្រទេស​មកកាន់​ប្រទេស​កម្ពុជា ធ្វើអោយ​ផ្សារ​ទំនើប​ក្នុងស្រុក​មួយចំនួន​ត្រូវ​បាត់បង់​អតិថិជន​អស់​ជាច្រើន​។ ជាក់ស្ដែង​ដូចជា​ផ្សារ​ទំនើប សុវណ្ណ​ណា និង​ផ្សារ​ទំនើប​សូរិយា​ជាដើម ។ ក៏ប៉ុន្តែ ក្រោយ​ទទួលបាន​បទពិសោធន៍​បែបនេះ ម្ចាស់​ផ្សារ​ទំនើប​ក្នុងស្រុក ក៏បាន​ងាក​មក​កែលម្អ​ទាំង​សោភណភាព​និង​ទីធ្លា ដើម្បី​ទាក់ទាញ​អតិថិជន​របស់ខ្លួន អោយ​ងាក​ត្រលប់​មកវិញ ។
​បន្ទាប់ពី​បាន​កែលម្អ​ឡើងវិញ​ហើយ គេ​បាន​សង្កេតឃើញថា​បណ្ដា​ហាង​និង​ភោជនីយដ្ឋាន​ល្បីៗ​ក្នុង​និង​ក្រៅ​ស្រុក បាន​ងាក​ទៅរក​ផ្សារ​ទំនើប​ក្នុងស្រុក​វិញ​បណ្ដើរៗ​ហើយ ក៏ប៉ុន្តែ​ក៏​មិន​បោះបង់ចោល​ផ្សារ​ទំនើប​បរទេស​ដូចគ្នា​ដែរ ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃ​១៤ សីហា ២០១៨​នេះ ភោជនីយដ្ឋាន បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា ដែលជា​ភោជនីយដ្ឋាន​នាំ​សិទ្ធិ​ពី​ប្រទេស​ថៃ បាន​បើក​ដំណើរការ​ជា​ផ្លូវការ នៅ​ផ្សារ​ទំនើប Sorya Center Point ដែល​ទើបតែ​កែលម្អ​រួច ។

​នៅក្នុង​ពិធី​ប្រកាស​ដំណើរការ​ជា​ផ្លូវការ​នោះ លោក អ៊ិម បណ្ឌិត អ្នកគ្រប់គ្រង​ប្រតិបត្តិ របស់​ហាង​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា បានអោយដឹងថា ការបើក​ដំណើរការ​ភោជនីយដ្ឋាន បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា នៅ​ផ្សារ​ទំនើប​សូរិយា​នេះ គឺ​ខាង​ក្រុមការងារ​បាន​មើលឃើញ​នូវ សុ​ទិ​ដ្ឋ​និយម មួយចំនួន ជាក់ស្ដែង ផ្សារ​ទំនើប​សូរិយា បាន​កែលម្អ​ថ្មី ដែល​ធ្វើអោយ មាន​ភាព​ទាក់ទាញ ពី​សំនាក់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក្នុង​និង​ក្រៅ​ស្រុក ។

​លោក​បន្តថា ប្រជាពលរដ្ឋ​ដែល​ចូលក្នុង​ផ្សារ​ទំនើប ដើម្បី​ទទួលទាន​អាហារ ជួបជុំ​គ្រួសារ គឺ​ផ្ដោតទៅលើ​កន្លែង​ទូលាយ និង​មាន​កន្លែង​សម្រាប់​ក្មេងៗ​លេង ទើប​ពួកគេ​កាន់​តែមាន​ភាពសប្បាយ​រីករាយ ដោយឡែក ហាង​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​នៅ​ផ្សារ​ទំនើប Sorya Center Point នេះ ក៏បាន​រចនា​ឡើង​ស្របទៅតាម​នឹង​ការចងបាន​របស់​អតិថិជន ផងដែរ ។

​សូម​រំលឹក​ផងដែរ​ថា ផ្សារ​ទំនើប​សូរិយា គឺជា​ផ្សារ​ទំនើប​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ទទួលបាន​ការគាំទ្រ​ពី​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ក៏ប៉ុន្តែ សកម្មភាព​ផ្សារ​ទំនើប​ដំបូង​គេ​នេះ​បាន​បាត់បង់​ប្រជាប្រិយភាព​បន្តិច​ម្ដងៗ ក្រោយពី​ផ្សារ​ទំនើប​ធំៗ​ក្រៅប្រទេស​ចូលមក មានដូចជា ផ្សារ​ទំនើប អ៊ី​អន​ម៉​ល ជាដើម​។

​ក្រោយមក ទើប អ្នកឧកញ៉ា ពុង ឃាវ​សែ ដែលជា​ម្ចាស់​ផ្សារ​ទំនើប​មួយ​នេះ បាន​ប្តូរ​យុទ្ធសាស្ត្រ ដោយបាន​កែលម្អ​ទាំង​ទីតាំង​តូប និង​សោ​ភ័​ណ្ឌ​ភាព​ក្នុង​ផ្សារ ដើម្បី​ធ្វើអោយមាន​ភាព​ទាក់ទាញ ភ្ញៀវទេសចរ​ឡើងវិញ ព្រោះ​ទីតាំង​ផ្សារ​ទំនើប​មួយ​នេះ គឺ​នៅ​ចំនុចកណ្ដាល​នៃ​រាជធានី​ភ្នំពេញ គឺមាន​ភាពងាយស្រួល​ស​ម្រា​ប់​ភ្ញៀវទេសចរ ក្នុងការ​ស្វែងរក ។ ជាការ​កត់សំគាល់​ដែរ ពេលបច្ចុប្បន្ន ទិដ្ឋិ​ភាព​ក្នុង​ផ្សារ​ទំនើប​សូរិយា ហាក់​មាន​សកម្មភាព​អ៊ូអរ​ឡើងវិញ​បន្តិច បើ​ធៀប​នឹង​រយៈពេល​ពីរ​បី​ឆ្នាំមុន ៕​