រកឃើញ​ប៊ីចេង​ក្លែងក្លាយ​ប្រមាណ​១៧​តោន នៅ​សង្កាត់ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន ចុះបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧​តោន នៅផ្ទះ​លេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​។ ម្ចាស់​ទីតាំង​នេះ មានឈ្មោះ សុខ វួ​ច​លីន អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ​។​

​នៅក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​រកឃើញ​ទីតាំង​ខាងលើនេះ បាន​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ និង​ភ័ស្តុតាង​រួមមាន ៖ ប៊ីចេង​បាវ​ស​ចំនួន ៣៥២​បាវ ប៊ីចេង​បាវ​គគីរ​ចំនួន ១២៥​បាវ ប៊ីចេង​ម៉ាក Win win​ចំនួន ១៤០​បាវ ប៊ីចេង​ច្រក​រួច (500g) ចំនួន​៣២​បាវ ប៊ីចេង​ច្រក​រួច​ម៉ាក Gold Cup ចំនួន ៤៧​កេស ប៊ីចេង​រូប​វែក (250g) ម៉ាស៊ីន ដេរ​ម៉ាត់​បាវ ០២​គ្រឿង ម៉ាស៊ីន​អ៊ុត​ម៉ាត់​ថង់​០១​គ្រឿង ម៉ាស៊ីន​រុំខ្សែ និង​កាត់​ខ្សែ​ចំនួន ០២​គ្រឿង ជញ្ជីង​ថ្លឹង ០២ គ្រឿង បាវ​រូប​វែក ៩៣​បាវ និង​ប៊ីចេង​រាយ​មិនទាន់​វេច​ខ្ចប់​មួយចំនួនទៀត​សរុប​ទម្ងន់​ទាំងអស់​ប្រមាណ​១៧​តោន ។​
​ក្រោយពី​ការត្រួតពិនិត្យ និង​តាម​ការសម្រេច​របស់លោក​ព្រះរាជអាជ្ញារង សមត្ថកិច្ច​បានសម្រេច​ដកហូត និង​រក្សាទុក​ក្លុំបេ​បិទ​ទីតាំង​ខាងលើ ហើយ​បាន​នាំខ្លួន​ម្ចាស់​ទីតាំង​លោកស្រី សុខ វួ​ច​លីន អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មក​សាកសួរ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី​៕