កម្មករ​រោងចក្រ សហគ្រាស នឹង​បើក​ប្រាក់ខែ២​សប្តាហ៍​ម្តង នៅ​ឆ្នាំ​២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2018 ក+ ក-

​ភ្នំពេញ ៖ សម្ដេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ម្ចាស់​រោងចក្រ​-​សហគ្រាស​ទាំងអស់ ត្រូវ​ត្រៀមខ្លួន​ដើម្បី​បើកប្រាក់​បៀវត្ស​ឲ្យ​កម្មករ ២​ដង​ក្នុង​មួយខែ ចាប់ពី​ឆ្នាំ​២០១៩ តទៅ​។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ ខណៈ​សម្តេច​ចុះ​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​សរុប​ជាង ១​ម៉ឺន​៤ ពាន់​នាក់​ទៀត មកពី​រោងចក្រ សហគ្រាស​ចំនួន​៦ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ ។

គួរ​ជម្រាប​ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន​សរុប​ចំនួន ៤.៤៥៣ មាន​កម្មករ និយោជិត​ចំនួន​ជាង​៧៧​ម៉ឺន ២​ពាន់​នាក់ មាន​ប្រាក់​ឈ្នួល​សរុប​ជាង ១.៨៥៥​លាន​ដុល្លារ ក្នុង មួយឆ្នាំ​។ ក្នុងនោះ​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន​ជាង ៩៧៩​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕​