រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ទៅ​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥០ នៅ​សិង្ហបូរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន សម្រាប់​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ Shangri-La ( ហ្ស៊ាំ​ង​ហ្គ្រី ឡា ) រដ្ឋធានី​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​២៨ ខែសីហា ដល់​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​គោលបំណង​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព​ការងារ​ធ្វើ​សេរីភាវូបនីយកម្ម ក្នុង​អាស៊ាន និង​រិះរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ផ្សេងៗ ។

​ក្នុងនោះ​កិច្ចប្រជុំ​ក៏បាន​ត្រួតពិនិត្យ និង​កំណត់​ជំហរ​ផ្ទៃក្នុង​អាស៊ាន​សម្រាប់​ការចរចា​ជាមួយ​ប្រទេស​ជា​ដៃគូ​ក្រោម​ក្របខ័ណ្ឌ​អាស៊ាន​បូក​មួយ អាស៊ាន​បូក​បី និង​ការចរចា​លើ​កិច្ចព្រមព្រៀង​ភាព​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RCEP) និង​កំណត់​ជំហរ​របស់​អាស៊ាន​ទាក់ទង​នឹង​របត់​ថ្មី​នៃ​សេដ្ឋកិច្ចពិភពលោក​ផងដែរ​។​

​កិច្ចប្រជុំ​ត្រូវបាន​ដឹកនាំ​ដោយ​ឯកឧត្តម Chan Chun Sing រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី និង​មានការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​អាស៊ាន រួមជាមួយ​គណៈប្រតិភូ​ជា​សមាជិក ព្រមទាំង​អគ្គលេខាធិការ​អាស៊ាន និង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន ។​

​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឆ្នាំ​២០១៧-២០១៨ ហើយ​បានអនុម័ត​លើ​ផែនការ​សកម្មភាព​ថ្មី​សម្រាប់​ឆ្នាំ​២០១៩-២០២០ ដើម្បី​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​សមាជិក​អាស៊ាន​ទាំង​៦​ចាស់ ។

​ទន្ទឹម​នោះ ក៏បានផ្តល់​គោលការណ៍​សំខាន់ៗ សម្រាប់​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​សម្រាប់​ការអភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម ព្រមទាំង​ណែនាំ​ឲ្យ​លេខាធិការដ្ឋាន​អាស៊ាន ខិតខំ​សម្របសម្រួល​ការងារ​នេះ​ជាមួយ​ប្រទេស​ជា​សមាជិក ដោយ​ធ្វើយ៉ាងណា​បញ្ចប់​សេចក្តីព្រាង និង​ដាក់ជូន​រដ្ឋមន្ត្រី​ពិនិត្យ និង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​កំពូល​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ ៕​