ថៃ​ចាប់​ពលករ​ខ្មែរ​ប្រើ​វី​សា​ក្លែងក្លាយ​ស្ទើរ​រាល់ថ្ងៃ តែ​មន្ត្រី​កម្ពុជា​ធ្វើ​មិនដឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2018 ក+ ក-

​ប៉ោយប៉ែត ៖ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ ក្នុង​ខែសីហា ឆ្នាំ​២០១៨​នេះ ករណី​ត្រា​ក្លែងក្លាយ​លើ​លិខិតឆ្លងដែន​ត្រូវបាន​នគរបាល​អន្តោ​ប្រវេ​ស​ន៌​ថៃ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ខ្លង​លឹក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ឈម​ទឹកដី​កម្ពុជា ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចាប់​បានជា​បន្តបន្ទាប់ ប៉ុន្តែ​ខាង​កម្ពុជា​ហាក់​ស្ងាត់ស្ងៀម​ដូច​គ្មានអ្វី​កើតឡើង​សោះ ខណៈ អ្នករងគ្រោះ​គឺជា​ពលករ​ខ្មែរ​ពិតជា​មហា​សែន​ឆ្ងល់​។

​យោងតាម​ព័ត៌មាន​ពី​ប្រទេស​ថៃ បាន​ផ្សាយ​កាលពីពេល​ថ្មីៗ​ថា បុរស​ម្នាក់​ឈ្មោះ ហ៊ា សេង អាយុ​៤១​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន ដោយ​ចោទ​កាន់​លិខិតឆ្លងដែន​ប្រើប្រាស់​ត្រា​ក្លែងក្លាយ​ចំនួន​១២​ក្បាល ក្នុងចំណោម​លិខិតឆ្លងដែន​៣២​ក្បាល កាលពី​ថ្ងៃទី​26 សីហា 2018 នៅ​ច្រកទ្វារ​អន្តរជាតិ​ខ្លង​លឹក​ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះកែវ​។ ដោយឡែក​ស្ត្រី​ម្នាក់​ឈ្មោះ អុន ស្រី​នាង អាយុ​22​ឆ្នាំ ជា​ពលការ​នី​ធ្វើការ​សំណង់​នៅ​ខេត្ត​នគររាជ​សីមា​ប្រទេស​ថៃ និង​មាន​ទីលំនៅ​ភូមិ​(​ក​)​ឃុំ និង​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​សមត្ថកិច្ច​ថៃ ឃាត់ខ្លួន​ដូចគ្នា​កាលពី​វេលា​ម៉ោង 12​ថ្ងៃត្រង់ ថ្ងៃទី​27 សីហា 2018 ដោយ​ចោទថា នាង​ប្រើប្រាស់​ត្រា​ក្លែងក្លាយ​លើ​លិខិតឆ្លងដែន​។

បុរស ឈ្មោះ ឡុង សំ​ឡូ អាយុ​27​ឆ្នាំ ប្តី​ស្ត្រី​រងគ្រោះ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ប្រពន្ធ​គាត់​ត្រូវ​សមត្ថកិច្ច​ថៃ នៅ​ច្រកទ្វារ​អន្តរជាតិ​ខ្លង​លឹក ឃាត់ខ្លួន​ដោយ​ចោទថា​កាន់​លិខិតឆ្លងដែន​ប្រើប្រាស់​ត្រា​ក្លែងក្លាយ​។ បុរស​ខាងលើ​បន្តថា ការពិត​គាត់​និង​ប្រពន្ធ​មិនដឹង​រឿង​អ្វី​ឡើយ​កន្លងមក​មាន​លិខិតឆ្លងដែន​វី​សា 2​ឆ្នាំ ទាំង​ប្តី​ទាំង​ប្រពន្ធ ធ្វើការ​ជា​កម្មករសំណង់​នៅ​ខេត្ត​នគររាជ​សីមា​លុះ​ប្តូរ​ការងារ​ថ្មី ថៅកែ​(​ថ្មី​)​ឲ្យ​យក​លិខិតឆ្លងដែន​ឲ្យ​គេ និង​ដើរ​រឿង​វាយ​បិទ​វី​សា​ចាស់ ហើយ​ត​វី​សា​ថ្មី​ឲ្យ​។ បុរស​រូបនេះ​បន្តទៀតថា ក្រោយ​ថៅកែ​ថ្មី យក​លិខិតឆ្លងដែន​គេ​ឲ្យ​គាត់ និង​ប្រពន្ធ​ត្រឡប់មក​កម្ពុជា​វិញ​ដើម្បី​ទទួល​លិខិតឆ្លងដែន​ត​វី​សា​ថ្មី ដែល​គេ​ទាក់ទង​ឲ្យ​ក្រុមហ៊ុន​មួយ​រត់ការ​ឲ្យ​។ គាត់​ថា កាលពី​ថ្ងៃទី​27 សីហា 2018 អ្នករត់​ការ​គេ​ទូរស័ព្ទ​ឲ្យ​ឡើងទៅ​ថៃ​វិញ ហើយ​ប្រាប់ថា លិខិតឆ្លងដែន​ត​វី​សា​រួចហើយ​លុះ​ប្រពន្ធ​គាត់​ដើរចូល​ដល់ទី​តាំង​ត្រួតពិនិត្យ​ឯកសារ​ឆ្លងដែន​នៅ​ច្រកទ្វារ​អន្តរជាតិ​ខ្លង​លឹក ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ថៃ ឃាត់ខ្លួន​តែម្តង​។ សូម្បីតែ​លិខិតឆ្លងដែន​របស់គាត់​ក៌​ត្រូវ​ប្រពន្ធ​ទូរស័ព្ទ​ប្រាប់ថា ជា​លិខិតឆ្លងដែន​មាន​ត្រា​ក្លែងក្លាយ​ដូចគ្នា ទើប​គាត់​មិន​ហ៊ាន​ចូលទៅ​ប្រទេស​ថៃ ដើម្បី​បន្តការងារ​បាន​។

បុរស​ខាងលើ​អះអាងថា ពួកគាត់​ជា​គ្រួសារ​ក្រីក្រ​ហើយ​មិនបាន​ដឹង​រឿង​អ្វី​ទាំងអស់ ហេតុ​អី​មាន​អ្នក​វាយ​ឯកសារ​ក្លែងក្លាយ​ឲ្យ​ពួកគាត់​គ្មាន​អ្នកទទួលខុសត្រូវ​បែបនេះ​។ ករណី​ខាងលើ​បានកើត​មាននៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខ្លង​លឹក ជា​ញឹកញាប់ ចុះ​ហេតុអ្វី​សមត្ថកិច្ច​កម្ពុជា​ទប់ស្កាត់​មិនបាន ហើយ​មិនដឹង​បែរជា​សមត្ថកិច្ច​ថៃ ចាប់បាន​រហូត​ទៅវិញ​។

ករណី​ខាងលើ​នេះ ​លោក សេម មករា ប្រធាន​សេនាធិការ​នគរបាល​អ​ន្តោ​ប្រវេ​ស​ន៌​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រាប់​ព័ត៌មាន ក្នុងស្រុក​មួយ​ថា មិន​បានដឹង​រឿងរ៉ាវ​ខាងលើនេះ​ទេ​។​គេ​ឆ្ងល់​ថា ពលរដ្ឋ​មុន​ឆ្លងដែន​ចូលទៅ​ដី​ថៃ ត្រូវបំពេញ​បែបបទ និង​ប្រថាប់ត្រា​ចេញ (Departure Pass)​នៅ​ខាង​កម្ពុជា ជាមុន​ហេតុ​អី​សមត្ថកិច្ច​កម្ពុជា​បែរជា​នាំគ្នា​ធ្វើ​មិនដឹង​បែបនេះ ឬមួយ​នៅ​ក្រុង​ប៉ោយប៉ែត មាន​ទីតាំង​ប្រថាប់ត្រា​ក្លែងក្លាយ​សមត្ថកិច្ច​មិនដឹង​?​។

បញ្ហា​នេះ​បើ​ក្រសួង​ពាក់ព័ន្ធ​មិន​ស្រាវជ្រាវ​រក​ការពិត និង​បកស្បែក​មុខ​ជនខិលខូច​ទេ នឹងមាន​ពលករ​រង​គ្រោះជា​បន្តបន្ទាប់​ទៀត​ជាក់​ជាមិនខាន​ឡើយ​៕