​សម្តេច ហ៊ុន សែន ថ្លែងថា គ្មាន​អ្នកណា​ថ្លើមធំ​ហ៊ាន​ដក​កៅអី​កម្ពុជា នៅ​អង្គការសហប្រជាជាតិ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2018 ក+ ក-

​ភ្នំពេញ ៖ ថ្លែង​នៅ​ចំពោះមុខ​កម្មករ កម្មការិនី​ជិត​៣​ម៉ឺន​នាក់ នៅ​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ កញ្ញា នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អះអាងថា តើ​អ្នក​ណាមួយ​ថ្លើមធំ ហ៊ាន​ដក​កៅអី កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​? ។ បន្ថែម​ពីលើ​នេះ សម្តេច​តេ​ជោ បាន​លើកឡើងថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មួយ និង​មានមុខ​នៅ​គ្រប់​វេទិកា និង​កិច្ចប្រជុំ​អន្តរជាតិ​នៅលើ​ពិភពលោក​។​

​ការ​ថ្លែង​បែបនេះ​របស់​សម្តេច​ធ្វើឡើង​បន្ទាប់ពី​ទណ្ឌិត សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្រែក ថា កៅអី​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ ត្រូវបាន​ព្យួរ​ហើយ ហើយ​កម្ពុជា​និង​មាន ការបោះឆ្នោត​ឡើងវិញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា គ្មាន​ការបោះឆ្នោត​ឡើងវិញ​ដូច​អ្នក​ភូតភរ​ស្រែក នោះ ទេ ។ ប៉ុន្តែ​កម្ពុជា​មានការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ នា​ឆ្នាំ​២០២២ និង​បោះ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០២៣​ខាងមុខ ៕