ក្រសួងដែនដីប្រកាសប្រុងប្រយ័ត្ន ចំពោះការទិញដីឡូត៍ដែល​មិនចុះបញ្ជីស្របច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2018 ក+ ក-

ភ្នំពេញ ៖ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់នៅថ្ងៃទី២៥ ខែកញ្ញា នេះ បានអំពាវ នាវឱ្យអ្នកទិញដីទាំងអស់ ត្រូវពិនិត្យឱ្យបានច្បាស់លាស់មុននឹងទិញដី ជៀសវាងទិញចំដីដែលមិនបានចុះបញ្ជីត្រឹមត្រូវ។ ជាមួយគ្នានោះ ក្រសួងដែនដី ក៏បានព្រមានចាត់ វិធាន ការច្បាប់លើអ្នក លក់ដីឡូតិ៍ទាំងឡាយ ក្នុងករណីលក់ដីឡូតិ៍ខ្យល់ ឬលក់ដីឡូតិ៍ដែលមិន បានចុះបញ្ជីត្រឹមត្រូវផង ដែរ។

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពន្យល់ដល់អ្នកទិញដីទាំងអស់ ត្រូវតែពិនិត្យឱ្យបានច្បាស់លាស់ថា តើដីដែលខ្លួនត្រូវទិញនោះ ជាដីដែលបានចុះបញ្ជីត្រឹមត្រូវដែរឬទេ?។ ឯ.ឧ.បន្តថា បើតាមច្បាប់ អ្នកដែលយកដីខ្លួនទៅលក់ឱ្យអ្នក នេះ ហើយបន្តលក់ឱ្យអ្នកនោះទៀត (ដីតែមួយលក់ច្រើនដង) ត្រូវមានទោស ទាំងច្បាប់ភូមិបាល និងក្រមព្រហ្មទណ្ឌ។

ការព្រមាននេះ ធ្វើឡើងចំពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងមានសន្ទុះខ្លាំងឡើងធ្វើឱ្យតម្លៃទីផ្សារ ដីធ្លីនៅកម្ពុជាមានការកើនឡើង៕