អង្គការសិទ្ធិមនុស្ស​អា​ដ​ហុក​ស្នើ​ឲ្យ​ចាប់ខ្លួន​ម្ចាស់​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅប្រទេស​ចំនួន​ពីរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2015 ក+ ក-

​ភ្នំពេញ​៖​ក្រុមហ៊ុន​នាំ​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ចំនួន​ពីរ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥ កន្លងមកនេះ ត្រូវ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ស្នើ​ទៅ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ស្វែងរក​ចាប់​អ្នកទទួលខុសត្រូវ​ពាក់ព័ន្ធ​ការ​ឆបោក​ប្រាក់​។​

លោក ធន សារាយ បាន​ថ្លែង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា រដ្ឋាភិបាល​ត្រូវតែ​ស្វែងរក​ចាប់ខ្លួន​អ្នក​ទាំងឡាយណា​ដែល​បាន​ឆបោក ប្រជាពលរដ្ឋ​ទាំងនេះ ហើយ​ដក​ប្រាក់​ដែល​តម្កល់ទុក​នៅ​ធនាគារជាតិ យកមក​ទូទាត់​ឲ្យ​ជនរងគ្រោះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សមាគម​អាដហុក បាន​ឲ្យ​ដឹងថា​ជាក់ស្ដែង​នៅក្នុង​ខែមេសា ឆ្នាំ​២០១៥ សមាគម​អាដហុក​បានទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ចំនួន​២០១​នាក់ មកពី​គ្រប់​បណ្ដា​ខេត្ត ដែល​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ឈ្មោះ Rice Natural និង Century នាំ​ពលករ​ទៅធ្វើ​ការ​ផ្នែក​កសិកម្ម ឧស្សាហកម្ម និង​សំណង់ នៅ​ប្រទេស​ជប៉ុន ដោយ​ត្រូវតម្រូវ​ឲ្យ​ពួកគាត់​បង់ប្រាក់​ជាមុន​ចំនួន ៤០០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់​។​

​ដោយយោង​ទៅលើ​ការស៊ើបអង្កេត​របស់​ម​ន្ត្រី​សមាគម​អាដហុក លោក ធន សារាយ ថ្លែង​បន្ថែមថា ក្រុមហ៊ុន​ទាំងពីរ​បាន​សន្យា​នាំ​ពលរដ្ឋ​ទាំងនោះ​ទៅ​បម្រើ​ការងារ​ក្នុង វិស័យ​កសិកម្ម ឧស្សា​កម្ម និង​សំណង់​នៅក្នុង​ប្រទេស​ជប៉ុន​នៅក្នុង​រយៈពេល​មិន​លើសពី ៦​ខែ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងពីរ​ពុំបាន​អនុវត្តតាម​កិច្ចសន្យា​នោះឡើយ និង​បាន​ទម្លាក់​ស្លាក​ក្រុមហ៊ុន​ថែមទៀត​ផង​។​

សមាគម​អាដហុក បានស្នើ​ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​បាន​ទៀងទាត់ លើ​សកម្មភាព​របស់​ក្រុមហ៊ុន និង​មជ្ឈមណ្ឌល​ផ្សេងៗ​ឲ្យ​បាន​ហ្មត់ចត់ និង​ត្រូវ​ពិនិត្យ​ពី​ការផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស​ពលករ ដើម្បី​ជៀសវាង​ការបោក​បញ្ឆោត​ពលរដ្ឋ​ទៅ​ថ្ងៃក្រោយ​ទៀត​។ ជាមួយគ្នា​នោះ​សមាគម​អាដហុក បានស្នើ​ឲ្យ​ក្រសួង​ត្រូវមាន​វិធានការ ឬ​ដក​អាជ្ញាប័ណ្ណ​ជាបន្ទាន់​នូវ​ក្រុមហ៊ុន​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី អនុក្រឹត្យ​។​

​ផ្អែក​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា ទីភ្នាក់ងារ​នាំ​ពលករ​ទៅ​ក្រៅប្រទេស​ជាង ៦០ បាន​ចុះបញ្ជី​នៅ​ក្រសួង​នេះ ហើយ​ក្រុមហ៊ុន​នីមួយៗ បាន​តម្កល់​ប្រាក់​ប្រហែល ១០​ម៉ឺន​ដុល្លារ​នៅ​ធនាគារជាតិ​កម្ពុជា​៕
174ewa

ពលករខ្មែរដែលចេញទៅធ្វើការនៅប្រទេសថៃនាពេលកន្លងមក។