សាលាដំបូង​ភ្នំពេញ​គ្រោង​បើកសវ នាការ​សំណុំរឿង​ឪពុកម្តាយ ថោង សារ៉ាត់ នៅ​ថ្ងៃទី​២០ ឧសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2015 ក+ ក-

​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែឧសភា​ខាងមុខនេះ គ្រោង​បើកសវនាការ​ជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​កាន់កាប់ និង​រក្សាទុក​អាវុធ​ដោយ​ខុសច្បាប់​របស់​ជន​ត្រូវ​ចោទ ថោង ចំរើន និង​ប្រពន្ធ​ឈ្មោះ កែវ សារី ដែលជា​ឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ។​

មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​នៅតែ​មានជំនឿថា អង្គ​សវនាការ​ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២០​ឧសភា​ខាងមុខ ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ​ពិតជា​នឹង​ផ្តល់​យុត្តិធម៌​ដល់ កូនក្តី​របស់លោក ហើយនឹង​ដោះលែង​ពួកគាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ឲ្យ​មាន​សេរីភាព​វិញ​។​

សូមបញ្ជាក់ថា ជន​ត្រូវ​ចោទ​ឈ្មោះ ថោង ចំរើន និង​អ្នកស្រី កែវ សារី ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​

​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​បន្តថា កូនក្តី​របស់លោក គឺ​លោក ថោង ចំរើន និង​អ្នកស្រី កែវ សារី បាន​បដិសេធថា អាវុធ​ប្រមាណ​ជិត​១០​ដើម​ដែលមាន​ការចោទប្រកាន់​នោះ​ជា​កម្មសិទ្ធិ ស្របច្បាប់​របស់​កូន (​ឧកញ៉ា​ថោង សារ៉ាត់​) ដែល​គេ​ជា​មន្ត្រីជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ មាន​ឋានន្តរស័ក្តិ​ផ្កាយ​២ (​ឧ​ត្ត​ម​សេនីយ៍​ទោ​)​។ ដូច្នេះ​រូបគាត់ ថោង ចំរើន និង កែវ សារី មិន​ជាប់​ពាក់ព័ន្ធ​នឹង​អាវុធ​នោះទេ​។​

​ប្រភពព័ត៌មាន​ដាច់ដោយឡែក​មួយទៀត​ពី​មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកស្រី តាំង គឹម​ឆេង ភរិយា​សព​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ជនរងគ្រោះ​ក្នុង​អំពើ​ឃាតកម្ម​យ៉ាង​ឃោរឃៅ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កាលពី​សប្តាហ៍​មុននេះ​អ្នកស្រី តាំង គឹម​ឆេង បានដាក់​ពាក្យសុំ​ចេញ​ដីកា​រក្សា​ការពារ ហាមឃាត់​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ជា​កម្មសិទ្ធិ​ស្របច្បាប់​ទាំង​ប៉ុន្មាន​របស់​ឧកញ៉ា​ថោង សារ៉ាត់ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ ដើម្បី​ទុក​ទូទាត់​សំណង​រដ្ឋប្បវេណី​លើ​ជនរងគ្រោះ ទោះបី​រឿងក្តី​នេះ​រកស​-​ខ្មៅ​មិនទាន់​ដល់​ការប្រកាស​សាលក្រម​ក៏ដោយ​។​

​ប្រភពព័ត៌មាន​បន្តថា បណ្តឹង​របស់​ភាគី​ជនរងគ្រោះ​សុំ​ចេញ​ដីកា​រក្សា​ការពារ​ដាក់ចូល សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដល់ដៃ​លោកស្រី ពេជ្រ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​ហើយ​ហើយ​ទំនង​មិនយូរ​ទេ លោកស្រី​ចៅក្រម​នឹង​ចេញ​ដីកា​រក្សា​ការពារ​នោះ​ទៅ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ អនុវត្ត​៕

mek19