វេទិកា បូ​អាវ ជា​ឱកាស​សម្រាប់​កម្ពុជា​ទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​ក្នុង​តំបន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2018 ក+ ក-

វេទិកា បូ​អាវ ជា​ឱកាស​សម្រាប់​កម្ពុជា​ទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​ក្នុង​តំបន់
​ភ្នំពេញ ៖ វេទិកា​បូ​អាវ​សម្រាប់​អាស៊ី ដែល​រៀបចំ​ធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ឆ្នាំនេះ ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រួមគ្នា សំដៅលើ​ពាណិជ្ជកម្ម​ចិន​-​កម្ពុជា ក្នុង​សម័យកាល​ថ្មី​។ វេទិកា​នេះ​ត្រូវបាន​ចាត់ទុកថា នឹង​ផ្តល់​ឳ​កាស​ធំធេង​សម្រាប់​កម្ពុជា ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ពី​ប្រទេស​ចិន និង​ជា​ស្ពាន​សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​។

នៅក្នុង​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា កន្លងទៅនេះ នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានបង្ហាញ​ជំនឿ​ថា​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី និង​គំនិត​ផ្តួចផ្តើម​បើកចំហ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ របស់ លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន នឹង​ក្លាយជា​ឱកាស​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​សមាជិក​ដទៃទៀត ។

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា នៅក្នុង​ចំណោម​ប្រទេស​ទាំង​២៩ ដែល​បាន​ព្រមព្រៀង​បង្កើត​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី កម្ពុជា​គឺជា​ប្រទេស​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង «​ផ្លូវ​១ ខ្សែក្រវ៉ាត់​១» និង​មាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ នៅក្នុង​ចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាងគេ​នៅ​អាស៊ី ។ លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​តំណាង​វិស័យ​ឯកជន​កម្ពុជា និង​សហគ្រាស​-​ក្រុមហ៊ុន​ប្រទេស​ចិន ក៏ដូចជា​បណ្តា​ប្រទេស​សមាជិក​នៃ​វេទិកា​បូ​អាវ ប្រើប្រាស់​ឱកាស​ដើម្បី​បន្ត​វប្បធម៌​សន្ទនា និង​ចែករំលែក ព្រមទាំង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍​រួម​នៅក្នុង​តំបន់ ក៏ដូចជា​ក្នុង​សកលលោក​។

​គួរ​បញ្ជាក់ថា វេទិកា​បូ​អាវ​សម្រាប់​អាស៊ី គឺជា​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ដ​រ​ជាតិ មិន​ស្វែងរក​ប្រាក់ចំណេញ ដែលមាន​កាលបរិច្ឆេទ​រៀបចំ​សន្និសីទ​ច្បាស់លាស់ និង​មាន​ទីស្នាក់ការ​អចិន្ត្រៃយ៍​នៅ​ទីក្រុង​បូ​អាវ ខេត្ត​ហៃ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ វេទិកា​នេះ ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៩៨ ដោយ លោក Fidel V. Ramos (​ហ្វី​ដែល វី រ៉ា​ម៉ូ​ស ) អតីត​ប្រធានាធិបតី​ហ្វីលីពីន​, លោក Bob Hawke ( បប់ ហាវ​ក៍ ) អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​ឯកឧត្តម Morihiro Hosokawa (​ម៉ូ​រី​ហិ​រ៉ូ ហូ​សូ​កា​វ៉ា ) អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន និង​មានការ​គាំទ្រ​ពី លោក ហ៊ូ ជីន​តាវ អតីត​ប្រធានាធិបតី​ចិន ។ វេទិកា​នេះ ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០០១ ហើយ​បានផ្តល់​ឱកាស​ដល់​ប្រមុខ​រដ្ឋាភិបាល ថ្នាក់ដឹកនាំ​វិស័យ​ឧស្សាហកម្ម និង​ធុរកិច្ច និង​បញ្ញាវន្ត​ក្នុង​ទ្វីបអាស៊ី និង​ទ្វីប​ដទៃទៀត ធ្វើការ​សន្ទនា​គ្នា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ សំដៅ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​រួម តាមរយៈ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច ទៅក្នុង​តំបន់ និង​ពិភពលោក ៕