​កម្ពុជា​នឹង​បើក​ស្ថានទូត​ឡើងវិញ នៅ​ប៊ុលហ្គារី នា​ឆ្នាំក្រោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អះអាងថា នៅ​ឆ្នាំ ២០១៩ ខាងមុខ កម្ពុជា​នឹង​រៀបចំ​បើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ប៊ុល​ហ្ការី ជាថ្មី​ឡើងវិញ បន្ទាប់ ពី​បាន បិទ​មួយរយៈ ដោយសារ​ស្ថានភាព​នយោបាយ​របស់​ប្រទេស ប៊ុល​ហ្ការី​។ សម្តេច​តេ​ជោ បាន​ថ្លែង យ៉ាង​ដូច្នេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ប៊ុ​ក​ហ្គា​រី លោក ប៊ួ​យ​កូ បូរី​សូវ (Boyko Borissov) នៅ​បូរី​ញូវយ៉ក ខណៈ​សម្តេច​អញ្ជើញ​ចូលរួម​មហាសន្និបាត អ​.​ស​.​ប​. លើក​ទី ៧៣​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ប្រទេស​ប៊ុល​ហ្ការី កាលពី អតីតកាល​ដែល​បាន​ដើរតួនាទី ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា នៅពេលដែល​កម្ពុជា បាន​រំដោះ ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​បន្ត​វត្តមាន​ចូលរួមចំណែក​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ផងដែរ​។ ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ ប្រមុខ​រដ្ឋាភិបាល​នៃ ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា ក្នុង​ការបន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃ ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​។

​លោកនាយក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម របស់​សម្តេច ក្នុង​ការបើក​ស្ថាន ឯកអគ្គ រាជទូត​របស់ខ្លួន​នៅ​ប្រទេស​ប៊ុល​ហ្ការី ដែល​នោះ​គឺជា​ឱកាស​ដែល​សម្តេច និង​អញ្ជើញ​ទៅ បំពេញ ទស្សនកិច្ច​ផ្លូវការ​នៅ​ប៊ុល​ហ្ការី​។ ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន ប្រសាសន៍​ជំរាបជូន សម​ភាគី​ប៊ុល​ហ្ការី ពី​គោលបំណង​នៃ​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ កិច្ចប្រជុំ កំពូល អាស៊ី អឺរ៉ុប ក្នុងប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០២០ ដែល​ក្នុងនោះ​បណ្តា​ប្រទេស អាស៊ាន បាន​ឯក ភាព រួចហើយ រួមទាំង​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្ការី​បាន​ឯកភាព​ចំពោះ​សំណើ​បស់​សម្តេច​តេ​ជោ និង​បាន ចាត់ ទុក​ថា វា​គឺជា​ឱកាស ឲ្យ​រូប​ឯកឧត្តម​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​៕