​គ្រោះ​រញ្ជួយ​ដី​កម្រិត​ខ្ពស់ និង​រលក​យក្ស​ស៊ូ​ណា​មី វាយប្រហារ​ឥ​ណ្ឌ​នេ​ស៊ី​ជាថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2018 ក+ ក-

​ឥណ្ឌូនេស៊ី ៖ អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី បាន​បង្ហាញថា គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូ​ណា​មី បាន​វាយប្រហារ​ទៅលើ​កោះ​មួយ​របស់​ឥណ្ឌូនេស៊ី ។ តួលេខ​ផ្តល់​ដោយ​មន្ត្រី​សុខាភិបាល បានបង្ហាញ​នៅ​ថ្ងៃទី​២៩ កញ្ញា នេះ​ថា ចំនួន​អ្នក​ស្លាប់មាន​ជិត​៤០០​នាក់ និង​របួស​ជាង​៥០០​នាក់ ចំណែក​សំណង់​រាប់ពាន់​កន្លែង ដូចជា​ផ្ទះ មន្ទីរពេទ្យ សណ្ឋាគារ ផ្សារ​ទំនើប ហើយ និង​ស្ពាន បាន​បាក់ស្រុត ដោយសារតែ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៥ រ៉ិ​ច​ទ័​រ បង្ក​ជា​រលក​សមុទ្រ​យក្ស​ស៊ូ​ណា​មី បោកបក់​វាយប្រហារ​លើ​ទីក្រុង​ចំនួន​ពីរ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។​

បើតាម​សេចក្ដីប្រកាស​របស់​ភ្នាក់ងារ​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី ក្នុង​កម្រិត ៧,៥​មាត្រដ្ឋាន​រិច​ទែ​រ បាន​បណ្តាល​ឲ្យ​មាន​ទឹករលក​កំពស់​ជិត ៦​ម៉ែត្រ បោក​វាយ​ទៅលើ​ទីក្រុង Palu ជាប់​ឆ្នេរសមុទ្រ នៃ​កោះ ស៊ូ​ឡា​វេ​ស៊ី Sulawesi របស់​ឥណ្ឌូនេស៊ី​។ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី បានទទួល​តួលេខ​ពី​មន្ទីរពេទ្យ​ដែល​បង្ហាញ​ពី​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​៣៨៤​នាក់ និង​អ្នករងរបួស​ធ្ងន់ ៥៤០​នាក់ ដោយសារ​គ្រោះធម្មជាតិ​នេះ​។​

​ ទីភ្នាក់ងារ​ដដែល​បញ្ជា​ក់ថា គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូ​ណា​មី បាន​បំផ្លាញ​ផងដែរ នូវ​ព្រលានយន្តហោះ បណ្តាញ​អគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​នឹង​ទាក់ទង​គ្នា ដើម្បី​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​។ តាម​ក្រសួង​សន្តិសុខ​ជាតិ​ឥណ្ឌូនេស៊ី ឲ្យ​ដឹងថា យន្តហោះ​យោធា ដឹក​ជំនួយ មនុស្សធម៌​បាន​ហោះ​ចេញរួច​ហើយពី​ទីក្រុង​ហ្សា​កាតា ប៉ុន្តែ ប្រតិបត្តិការ​ជួយសង្គ្រោះ មិនទាន់​អាចធ្វើ​ទៅបាន​ដោយសារតែ​ព្រលានយន្តហោះ​របស់​ទីក្រុង​ត្រូវបាន​បំផ្លាញ​។​

​អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គេ​បានប្រកាស​ព្រមាន​ពី​ករណី​មាន​គ្រោះ​រលក​យក្ស​ស៊ូ​ណា​មី តែ​មនុស្សម្នារ​ជាច្រើន​បាន​ស្ថិតនៅលើ​ឆ្នេរ​នោះ​នៅឡើយ គឺ​មិនបាន​រត់គេច​ចេញ​ភ្លាមៗ​នោះទេ​។ នៅ​យប់​ថ្ងៃ​សុក្រ ទី​២៨ កញ្ញា មនុស្ស​រាប់រយ​នាក់​បាន​ជួបជុំគ្នា នៅលើ​ឆ្នេរ​ក្នុង​ទីក្រុង Palu ដើម្បី​ត្រៀម​រៀបចំ​ប្រារព្ធ​ខួប​ទីក្រុង​។ មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បានបង្ហាញ​ពី​ការព្រួយបារម្ភ​ផងដែរ ពី​ជោគវាសនា​របស់​មនុស្ស​រាប់រយ​។​

​ គួរជម្រាបថា ចំនួន​អ្នក​រស់នៅក្នុង​ទីក្រុង Palu នៃ​កោះ Sulawesi របស់​ឥណ្ឌូនេស៊ីនេះ មាន​ប្រមាណ​ជាង៣៥​ម៉ឺន​នាក់​៕