មន្ត្រី​កាំកុងត្រូល​ខេត្តកំពង់ចាម ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅ​ផ្សារ​ស្គន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2018 ក+ ក-

​ខេត្តកំពង់ចាម ៖ ក្រុមមន្ត្រី​កាំកុងត្រូល​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា​នេះ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ចំណីអាហារ​ដែល​អាជីវករ​ដាក់តាំង​លក់​នៅ​ជុំវិញ​ផ្សារ និង​ក្នុង​ផ្សារ​ស្គន់ ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។​

​លោក ស៊ាន ស៊ី​ណាត ប្រធាន​កាំកុងត្រូល​ខេត្តកំពង់ចាម ដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា ថ្មីៗ​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល បានរៀបចំ​មន្ត្រី​ជំនាញ និង​ឧបករណ៍​ពិសោធន៍ ចុះ​ប្រតិបត្តិការ និង​ប្រចាំការ​តាម​ទីផ្សារ​គោលដៅ​សំខាន់ៗ ចំនួន​៨ ក្នុង​រាជធានី​ភ្នំពេញ​។ គោលបំណង គឺ​ដើម្បី​ត្រៀម​ធ្វើ​អន្តរាគមន៍​ឆ្លើយតប​បន្ទាន់​ចំពោះ​ហេតុការណ៍​ចាំបាច់ ដោះស្រាយ​បញ្ហា ឬ​បាតុភាព​ជាយថាហេតុ​ណាមួយ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ផ្តល់​ការអប់រំ​លើកកម្ពស់​កា​រ​យល់ដឹង ជូន​អ្នកប្រើប្រាស់ អាជីវករ អ្នកលក់ដូរ អំពី​បញ្ហា​គុណភាព សុវត្ថិភាព​ផលិតផល​ទំនិញ​ផងដែរ​។ ដោយឡែក កាំកុងត្រូល ខេត្តកំពង់ចាម ក៏ត្រូវ​អនុវត្តតាម​គោលការណ៍​ដូចគ្នា ដោយ​ត្រូវ​រៀបចំ​ផែនការ​ដើម្បី​ចុះ​ត្រួ​ត្យ​ពិនិត្យ​គុណភាព​ម្ហូបអាហារ​ជាប្រចាំ និង​ណែនាំ​ដល់​បងប្អូន​អាជីវករ ឲ្យ​បាន​យល់ច្បាស់​ពី​ការទទួលខុសត្រូវ​រាល់​មុខទំនិញ​ដែល​ខ្លួន​បានដាក់​តាំង​លក់ ពិសេស​គឺ​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ការ​ហួសកំណត់​ប្រើប្រាស់ ដែល​ចាំបាច់​មិនត្រូវ​បន្ត​ដាក់លក់​ទៀតឡើយ​។​

​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ​នេះ សមត្ថកិច្ច​កាំកុងត្រូល​ខេត្តកំពង់ចាម បាន​ដកហូត​នូវ​ទំនិញ​ខូចគុណភាព និង​ហួសកំណត់​ប្រើប្រាស់​ជាច្រើន​មុខ ដើម្បី​យកទៅ​កម្ទេចចោល មានដូចជា ភេសជ្ជៈ គ្រឿង​កំប៉ុង គ្រឿងទេស និង​នំ​ច​ណី​កញ្ចប់​ជាច្រើន​មុខ​ផ្សេង​ទៀតផង​។​

​លោក ស៊ាន ស៊ី​ណាត ប្រធាន​កាំកុងត្រូល​ខេត្តកំពង់ចាម ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ និង​អា​ជីករ បើ​មាន​ចម្ងល់ ឬ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ម្ហូបអាហារ គឺអាច​ទាក់ទង​ផ្ទាល់​ជាមួយ​មន្ត្រី​កាំកុងត្រូល ដែល​កំពុង​ប្រតិបត្តិការ​នៅតាម​បណ្តា​ផ្សារ​។ លោក ក៏បាន​ផ្តាំផ្ញើ​ផងដែរ ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ករណី​ពុល​អាហារ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្ឌ​នេះ​៕