Mytv សុំទោស​ប្អូនស្រី Allen ករណី​យក​ជីវិត​កំព្រាម្តាយ​១៣​ឆ្នាំ​ជាការ​លេងសើច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2015 ក+ ក-

​ភ្នំពេញ​៖ បន្ទាប់ពី​ទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​ទស្សនិកជន ពិសេស​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ចំពោះ​ខ្លឹមសារ​ក្នុង​កម្មវិធី​« ពេញចិត្ត ឬ​អត់ ? ថ្ងៃអាទិត្យ » របស់​ស្ថានីយ៍ទូរទស្សន៍ Mytv ដែល​បាន​យក​ទឹកចិត្ត​នឹក​អាល័យ​ម្តាយ​របស់​ក្មេងស្រី​ម្នាក់ មក​សំដែងជាការ​លេងសើច​នៅលើ​វេទិកា​កាលពី​ថ្ងៃទី​១១ ខែឧសភា​។ ក្រុមការងារ​កម្មវិធី​នេះ បាន​សរសេរ​លិខិត​សុំ​អភ័យទោស​ជា​សាធារណៈ​ដល់​ប្អូនស្រី Atumn Allen​។​

លិខិត​ដែលមាន​ហត្ថលេខា​តែ​គ្មាន​ឈ្មោះ បានសរសេរថា ក្រុមការងារ​កម្មវិធី​«​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ​»​មានការ​សោកស្តាយ​ជា​ពន់ពេក ចំពោះ​កំហុស​ដោយ​អ​ចេតនា​ដែល​កើតមានឡើង​នៅក្នុង​កម្មវិធី​នេះ និង​ដែល​បានធ្វើ​ឲ្យ​ប្អូនស្រី​Allen រន្ធត់ចិត្ត​រហូតដល់​ស្រក់​ទឹកភ្នែក និង​មានការ​ខកចិត្ត​ចំពោះ​ក្តី​រំពឹងទុក​ថា នឹង​បាន​ជួប​ម្តាយ​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​១៣​ឆ្នាំ​មកហើយ​។​

លិខិត​ដដែល បាន​បន្តថា​ក្រុមការងារ និង​ថ្នាក់ដឹកនាំ​កម្មវិធី​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ មានការ​សោកស្តាយ​ជាខ្លាំង ចំពោះ​កំហុស​ដោយ​អ​ចេតនា​នេះ ហើយ​យើងខ្ញុំ​ក៏​សុំ​អភ័យទោស​ចំពោះ​ប្អូនស្រី និង​ក្រុមគ្រួសារ របស់​ប្អូនស្រី ព្រមទាំង​សាធារណជន​ទាំងឡាយ​ផងដែរ ។ ដើម្បី​បញ្ជាក់​ពី​សណ្តាន​ចិត្ត​ស្មោះត្រង់ ក្រុមការងារ​កម្មវិធី​ក្រុមការងារ​កម្មវិធី​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ នឹងធ្វើ​ដំណើរ​ទៅកាន់​គេហដ្ឋាន​ប្អូនស្រី​Allen ដើម្បី​សុំ​អភ័យទោស​ដោយផ្ទាល់​ចំពោះ​ប្អូនស្រី និង​ក្រុមគ្រួសារ​ប្អូនស្រី​ផងដែរ​។​

​គួររំលឹកថា ក្នុង​ទិវា​អ្នក​ម្តាយ​ពិភពលោក ទូរទស្សន៍ Mytv បាន​បង្កើត​កម្មវិធី​ដូចខាងលើ​នេះ​ឡើង​។ ពិធីករ​ពីររូប​បាន​ប្រើ​សំណួរ​ចូល​ជ្រៅ​ក្នុង​អារម្មណ៍​របស់​ប្អូនស្រី Allen ខ​ណះ​ដែល​នាង​បាន​ឃ្លាតឆ្ងាយ​ពី​ម្តាយ​អស់​រយះពេល​១៣​ឆ្នាំ​មកហើយ​នោះ​រហូតដល់​នាង​រំភើប​ស្រក់​ទឹកភ្នែក ។​ពិធីករ​បានលើកឡើង​ថា នាង​នឹង​បាន​ជួប​ជាមួយ​ម្តាយ​របស់ខ្លួន​នៅពេល​បន្តិចទៀតនេះ​។​ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ព្រោះ​ទាំង​ប្អូនស្រី Allen ក៏ដូចជា​ទស្ស​និជ​ន​គ្រប់​មជ្ឈដ្ឋាន​ដែល​កំពុង​តាមដាន​ទាំង​អារម្មណ៍​រន្ធត់ និង​សាទរ បានប្រែក្លាយ​ជា​រឿង​លេងសើច​ទៅវិញ គឺ​តារា​ប្រុស រ៉ូ​លីន បាន​តែងខ្លួន​ជា​ស្រី​សំដែង​តួ​ជា​ម្តាយ​នាង Allen ធ្វើ​ឲ្យ​មានការ​ខកចិត្ត និងចំអករិះគន់ដល់អ្នកផលិតកម្មវិធី​គ្រប់ៗគ្នា​៕

28541

15421