ការចរចាពីការដំឡើងប្រាក់ឈ្នួលកម្មករ និយោជិត ​ចេញតួលេខថ្មីមួយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2018 ក+ ក-

ភ្នំពេញ ៖ ដូចការគ្រោងទុក នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានបើកកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង នៅកម្ពុជា សម្រាប់ឆ្នាំ២០១៩ ដែលលទ្ធផលថ្ងៃនេះ ភាគីនិយោជក សម្រេចដាក់ តួរលេខ ចំនួន១៧៧ដុល្លារអាមេរិក ភាគីសហជីពតំណាងកម្មករ និយោជិត ដាក់ចេញតួរលេខ ចំនួន១៨២ដុល្លារអាមេរិក។

ការបោះឆ្នោតជ្រើសរើសយកតួរលេខនេះ បានធ្វើឡើង ក្រោមវត្តមាន លោក ហេង សួរ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រឹក្សាការងារ ។ បើតាមកត់សម្គាល់ កិច្ចប្រជុំនោះ មានសភាពតានតឹង រវាង សហជីព និងនិយោជក លើតួរលេខប្រាក់ឈ្នួលអប្បបរមានេះ ដោយឈានដល់សម្រេចបោះឆ្នោតជ្រើសរើសយកតួរលេខមួយ សម្រាប់បញ្ជូនដល់ថ្នាក់លើ ដើម្បីប្រជុំសម្រេចនៅរសៀលថ្ងៃទី០៥ខែតុលា ស្អែកនេះ។

ទាក់ទិននិងតួរលេខថ្មីនេះ លោក ជួន មុំថុល តំណាងសហជីព បានលើកឡើងថា តួរលេខថ្មីនេះ អាចនិយាយបានថា សមល្មម ដែលគ្រប់ភាគីទទួលយក ដើម្បីដាក់ជូនថ្នាក់លើសម្រេចជាផ្លូវការ នៅថ្ងៃ ស្អែក ក្រោមវត្តមាន ឯកឧត្តម បណ្ឌិត អ៊ិត សំហេង ។

ចំណែកលោក កាំង ម៉ូនិកា តំណាងនិយោជន បានលើកឡើងថា ការពិភាក្សាលើបញ្ហាប្រាក់ឈ្នួល គ្រប់ភាគីបានសម្រមសម្រួលគ្នា ហើយបានឈានមកដល់ចំណុចមួយដែលអាចកំណត់នូវតួរលេខមួយតាមបច្ចេកទេស រហូតឈានមកដល់ការបោះឆ្នោត កំណត់តួរលេខរបស់ភាពគី សហជីព និង និយោជក សម្រាប់ដាក់បញ្ជូន ទៅរាជរដ្ឋាភិបាលពិនិត្យ និង សម្រេច។ យ៉ាងណាភាគីនិយោជក ក៏បានធ្វើសំណើរ មួយចំនួនទៅរាជរដ្ឋាភិបាលផងដែរ។

ជាលទ្ធផលបោះឆ្នោតរបស់ក្រុមការងារបច្ចេកទេសត្រីភាគី បានបង្ហាញថា តួរលេខចំនួន១៨២ដុល្លារ (ភាគីសហជីព) ទទួលបាន១១សំឡេង, តួរលេខចំនួន១៧៧ដុល្លារ (ភាគីនិយោជក) ទទួលបាន៣១សំឡេង និងសន្លឹកឆ្នោតមិនបានការមានចំនួន៥ សំឡេង៕