លោក យន្ត មីន ទទួលស្គាល់​ពី​សំណង់​ខុសច្បាប់ តែ​បដិសេធ​ពី​ពុ​ក​រលួយ​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 October, 2018 ក+ ក-

​ព្រះសីហនុ ៖ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បញ្ជាក់ថា «​បញ្ហា​គេ​ចោទ​ខ្ញុំ​ថា ប្រព្រឹត្ត​អំពើពុករលួយ​ដែល​អនុញ្ញាត​ឲ្យ​គេ​សាងសង់​ខុសច្បាប់ គេ​ថា គេ​ចេះតែ​ថា​ទៅ ខ្ញុំ​មិនអាច​ទៅ​បិទមាត់​ពួក គេ​បានទេ ខ្ញុំ​គ្មាន​បាន​ប្រព្រឹត្ត​អំពើពុករលួយ​អ្វី​ទេ​។ កន្លងមក​យើង​ចេះតែ​យោគយល់​ដល់​ភ្ញៀវ​គេ​មក​វិនិយោគ​ប្រទេស​យើង អីចឹង យើង​ចេះតែ​ជួយ​សម្រួល​ទៅ ប៉ុន្ដែ​បើ​មានការ​ណែនាំ​អ៊ីចឹង ខ្ញុំ​គ្រាន់តែ​អនុវត្តតាម​ហ្នឹង​ទៅ​»​។​

​លោក យន្ត មីន បាន​ថ្លែង​បែបនេះ នៅក្រោយ​ពេលដែល​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​រកឃើញ​សំណង់​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ បាន និង​កំពុង​សាងសង់ និង​ខ្លះទៀត​បាន​សង់​ហើយ​រួចរាល់ ដោយ​មិនមាន​លិខិតអនុញ្ញាត​ជា​ផ្លូវការ គឹ​មាន​ត្រឹមតែ​លិខិត​គោលការណ៍​ឱ្យ​ដំណើរការ​ប៉ុណ្ណោះ ដែល​ករណីនេះ ត្រូវបាន​មន្ត្រី​អាជ្ញាធរ​អះអាងថា ដើម្បី​សម្រួល​ពេលវេលា​ជូន​វិនិយោគិន​។​

​សូមជម្រាបថា តាម​លិខិត ១ ចុះ​ថ្ងៃទី​៣ ខែតុលា លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ជម្រាបជូន​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ក្នុង​កម្មវត្ថុ​ថា «​ការបញ្ឈប់​ផ្តល់​គោលការណ៍​ឱ្យ​ដំណើរការ​សាងសង់​មុន​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​»​នៅ​ខេត្ត​ព្រះសីហនុ គឺ​ផ្ទុយ​ពី​អនុក្រឹត្យ​លេខ ៨៦ អនក្រ​.​បក ចុះ​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៩៧ ស្តីពី​លិខិតអនុញ្ញាត​សាងសង់​បណ្តាលឱ្យ​មានប​ទ​ល្មើស​សំណង់​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ សោភណភាព និង​គុណភាព​សំណង់​។​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា លោក​នឹង​អនុវត្តតាម​ការណែនាំ​នេះ និង​សុំ​អនុសាសន៍​បន្ថែម​ប្រសិនបើ​មាន​កិច្ចការ​ចាំបាច់​។ លោក​ថា ខ្វះចន្លោះ​កន្លងមក​គឺ​ដើម្បី​សម្រួល​ពេល​ដល់​វិនិយោគិន​ព្រោះ​បើ​ចាំច្បាប់​ពេញលេញ​នឹងត្រូវ​ចំណាយពេល​យូរ​។​

​គួរ​ជម្រាប​ថា កាលពី​សប្ត​តា​ហ៍​មុន ក្រសួង​រៀបចំ​ដែនដី​កាលពី​ក៏ បាន​បង្កើត​ក្រុមការងារ​ចម្រុះ ៦ ក្រុម​ឲ្យ​ចុះ​តាមដាន និង​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ និង​ធ្វើ​របាយការណ៍​ផ្ញើជូន​អគ្គនាយកដ្ឋាន​រៀបចំ​ដែនដី​ដើម្បី​ពិនិត្យ​វិនិច្ឆ័យ​៕

( សំណង់​ខុសច្បាប់​របស់ លោក តាំង សុខុម ថៅកែ​ទិញ​លក់​បង្គា ក្តាម ត្រី​សមុទ្រ​តំបន់ ផ្លូវ​ចូល​កោះ​ព្រាប​.​អាជ្ញាធរខេត្ត​កំណត់​ឲ្យ​ធ្វើ​ការរុះ​រើចេញ​វិញ​ឲ្យ​អស់ រយៈពេល​១៥​ថ្ងៃ​)