GMAC និយាយពីបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2018 ក+ ក-

ភ្នំពេញ ៖ អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា GMAC លោក កាំង ម៉ូនីកា បានថ្លែងថា បញ្ហាប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែសព្វាវុធ ឬ EBA នៅកម្ពុជា រដ្ឋាភិបាល និងសហភាពអឺរ៉ុប អាចនឹងស្វែងរកដំណោះស្រាយសមស្របណាមួយ ប្រកបដោយការយោគយល់ និងគោរពគ្នាទៅវិញទៅមក។

លោក កាំង ម៉ូនីកា បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា សមាគមរោងចក្រកាត់ដេរកម្ពុជា ក៏បានសម្ដែងការព្រួយបារម្ភអំពីការផ្សាយព័ត៌មានបែបប៉ាន់ស្មានអំពីបញ្ហា EBA ព្រោះអាចនាំទៅដល់ការថយចុះនៃទំនុកចិត្តពីសំណាក់អ្នកបញ្ជាទិញ និងអ្នកវិនិយោគទូទៅនៅកម្ពុជា។ មិនអាចសន្និដ្ឋានជាក់លាក់បានទេ ស្ថានភាពជាក់ស្ដែងអាចមានលក្ខណៈធូរស្រាលជាងការចុះផ្សាយក៏ថាបាន។

អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) លោក កាំង ម៉ូនីកា បានសរសេរនៅ លើទំព័រហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួនថា គ្មាននរណាម្នាក់ដឹងច្បាស់ថា គណៈកម្មាធិការសហភាពអឺរ៉ុប នឹងសម្រេចចិត្តយ៉ាងណាអំពីរឿងប្រព័ន្ធអនុគ្រោះពន្ធនោះទេ ព្រោះនៅរយៈពេលយូរទៀត ដែលនឹងអាចកើតឡើងនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ដូច្នេះការយល់ឃើញទាំងឡាយអំពី លទ្ធផលនៃដំណើរការនេះគឺជាការប៉ាន់ស្មានសុទ្ធសាធ។

លោក កាំង ម៉ូនីកា បញ្ជាក់ថា តាមរយៈការកែលម្អ និងលើកកម្ពស់លក្ខខណ្ឌការងារនិងសិទ្ធិកម្មករជាបន្តបន្ទាប់ កម្ពុជាអាចនឹងមានភាគរយខ្ពស់ក្នុងការចៀសផុតពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA។

គួរជម្រាបថា វិស័យកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា បានផ្ដល់ការងារនិងប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោល ទៅដល់ប្រជាជនជាង២លាននាក់ ខណៈការនាំចេញសម្លៀកបំពាក់ទៅអឺរ៉ុបក្រោមការអនុគ្រោះពន្ធ EBA ផ្ដល់ប្រាក់ចំណេញដល់វិនិយោគិនប្រមាណ៧០០លានដុល្លារក្នុងមួយឆ្នាំ លើប្រាក់ចំណូលប្រហែល៧ពាន់លានដុល្លារ៕ ខេមរិន្ទ  

( លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC)  )