​នាយករដ្ឋមន្ត្រី​កម្ពុជា ​ចាក​ចេញទៅ​ប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២ នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ម៉ោង ១២:២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម «​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី ១២» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ​២០១៨ របស់​សន្និសីទ​សហប្រជាជាតិ ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២ ដល់ ២៤ តុលា ២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​

​យោងតាម​ផេ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​ប្រទេស​ស្វី​ស សម្តេច ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​ខ្មែរ និង​សិស្ស និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​ទាំងពីរ​នេះ​ផងដែរ​៕