សម្តេច ហ៊ុន សែន ទៅដល់​តួ​ក​គី​ហើយ បន្ទាប់ពី​បញ្ចប់​កិ​ច​ប្រជុំ​កំពូល​នៅ​ប៊ែ​ល​ហ្ស៊ិ​ក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2018 ក+ ក-

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា នេះ បាន ទៅកាន់​ទីក្រុង​អី​ស្តា​ន​ប៊ុល សាធារណរដ្ឋ​តួ​ក​គី ហើយ បន្ទាប់ពី​បញ្ចប់​ដំណើរ នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១២ នៅ​ទីក្រុង​ប្រ៊​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សី​ក ។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ដំណើរ​ចាក​ចេញពី​អាកាសយាន​អន្តជាតិ អ៊ិ​ច​សេ​គុយ​ជេ​ត (Execujet) ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ក្នុង​ដំណើរ​នៃ​ការអញ្ជើញ​បន្ត​បំពេញ​ទស្សនកិច្ច​ការងារ ទៅកាន់​ទីក្រុង​អី​ស្តា​ន​ប៊ុល សាធារណរដ្ឋ​តួ​ក​គី ជាទី​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុងជំនួប​កំពូល​ទ្វេភាគី ជាមួយ​ឯកឧត្តម រ៉េ​ជីប ថា​យ​យ៉ី​ប អែ​ដូ​ហ្គា​ន (Recep Tayyip Erdogan) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​តួ​ក​គី ឯកឧត្តម ប៊ី​ណា​លី យី​ឌឺ​រី​ម (Binary Yidirim) ប្រធានរដ្ឋសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​តួ​ក​គី​។

​យន្តហោះ​ពិសេស​បានធ្វើការ​ចុះចត​ប្រកបដោយ​សុ​វត្តិភាព នៅ​អាកាសយានដ្ឋាន​អន្តរជាតិ អា​តា​ទួ​ក ទីក្រុង​អី​ស្តា​ន​ប៊ុល កាលពី​វេលា​ម៉ោង ១២ និង ១០​នាទី ម៉ោង​នៅ​ទីក្រុង​អី​ស្តា​ន​ប៊ុល សាធារណរដ្ឋ​តួ​ក​គី ត្រូវ​នឹង​ម៉ោង ១៦​និង​១០​នាទី ម៉ោង​នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។

​វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់ ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ា​ក់​ទាក់​បំផុត ពី​ឯកឧត្តម​អភិបាលក្រុង​អី​ស្តា​ន​ប៊ុល ប្រមុខ​យោធា​តួ​ក​គី អគ្គនាយក​នៃ​ក្រសួងការបរទេស​តួ​ក​គី និង​លោកជំទាវ​ឯកអគ្គរាជទូត​តួ​ក​គី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​តួ​ក​គី និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​តួ​ក​គី​ជាច្រើនរូប​ផងដែរ​៕