យ៉ាន លីន​ដា ទម្លាយ​រឿង យ៉ែម សំ​អូន ស្រឡាញ់​ភេទ​ដូចគ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2015 ក+ ក-

ភ្នំ​ពេ​ញ៖បន្ថែម​ពីលើ​ការ​បង្ហោះ​សារ​ជា​សាធារណៈ​ថា លោក​យ៉ែម សំ​អូន ជា​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល អ្នកនាង​យ៉ាន លីន​ដា ក៏​បន្ត​ទម្លាយ​ប្រាប់​ពី​សម្ព័ន្ធភាព​របស់​ស្វាមី និង​តារា​ប្រុស​ក្មេងៗ ពិសេស​គឺជា​មួយ​តារា​ល្បីឈ្មោះ​ម្នាក់ មុននឹង​ឈានដល់​ការបែកបាក់​នោះ​ផងដែរ​។ អ្នកនាង​បាន​ហៅ​ការ​លាតត្រដាង​របស់ខ្លួន​ថា ជា​ជ្រុង​មួយ​ដ៏​តូច​ប៉ុណ្ណោះ ក្នុងចំណោម​រឿងរ៉ាវ​អវិជ្ជមាន​រាប់មិនអស់​ដែល​លោក​យ៉ែម សំ​អូន​បានធ្វើ​។​

អ្នកនាង​និយាយថា​ការសម្រេចចិត្ត​បើក​កកាយ​នេះ គឺ​បន្ទាប់ពី​ក្នុង​រង្វង់​អ្នក​ជិត​ស្និ​ទ្ធិ​របស់ លោក យ៉ែម សំ​អូន បាន​លេច​ឮថា​អ្នកនាង​ប្រញាប់​លែង​ប្ដី ព្រោះ​ចង់បាន​ថ្មី និង​ថា​មូលហេតុ​ដែល​លោក​យ៉ែម សំ​អូន ទ្រាំ​មិនបាន​រហូតដល់​ប្រើ​ហិង្សា គឺ​ដោយសារតែ​អ្នកនាង​ជេរប្រមាថ និង​តាម​ទាន់ពេល​អ្នកនាង​មាន​អ្នក​ទី​៣​។ អ្នកនាង​ពោលថា​១៤​ឆ្នាំ​ដែល​រួមរស់​ជាមួយ​ប្ដី អ្នកនាង​មិនដែល​មានចិត្ត​ផិតក្បត់​នោះទេ ប៉ុន្តែ​អ្នកនាង​អះអាងថា​លោក​យ៉ែម សំ​អូន​ទៅវិញ​ទេ ដែលជា​បុគ្គល​ផិតក្បត់​។​

​អ្នកនាង​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​សម្ព័ន្ធភាព​របស់លោក​យ៉ែម សំ​អូន និង​តារា​ឯក​ប្រុស​ល្បីឈ្មោះ​ម្នាក់ ដែល​អ្នកនាង​ប្រាប់ថា​ចាប់បាន​ទំនាក់ទំនង​ពួកគេ តាំងពី​អ្នក​ទាំងពីរ​មានឱកាស​ទៅ​បង្ហាញ​ម៉ូដ​រួមគ្នា នៅលើ​ទឹកដី​ប្រទេស​អូស្ត្រាលី​ក្នុង​ក្រុម​បង្ហាញ​ម៉ូដ Cambodia Super Model កាល ពី​ខែមេសា ឆ្នាំ​២០១៤​ម្ល៉េះ ដែល​ដំណឹង​ទាំងនេះ ក៏ត្រូវ​បាន​ទម្លាយ​ខ្ចរខ្ចាយ​ពេញ​ពិភព​សិល្បៈ នាពេល​ចុងក្រោយ​ផងដែរ​។

យ៉ាងណាមិញ អ្នកនាង​ប្រាប់ថា បុរស​ដែលមាន​ទ្រេ​មុខ​បែប​ខ្មែរ និង​ពូកែ​សម្ដែង​តួ​កម្សត់ ដែល​ត្រូវគេ​ស្គាល់​ថា​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​នោះ មិនជា​មនុស្ស​តែ​ម្នាក់​ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​លោក​យ៉ែម សំ​អូន​នោះឡើយ​។ អ្នកនាង​បាន​ថ្លែង​ពី​ប្រទេស​អូស្ត្រាលី​មក​ថា​«​ប្ដី​ខ្ញុំ កាល​ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​មិនដឹង​គាត់​ធ្លាប់មាន​ស្រី​មាន​ញី​ឬក៏​អត់​ទេ ប៉ុន្តែ​រង្វង់​២-៣ ឆ្នាំ​ហ្នឹង ខ្ញុំ​ដឹងថា​គាត់​ស្រឡាញ់​ប្រុស ឲ្យ​តែ​ខ្ញុំ​តាម​ទាន់​គាត់​មាន​លេស​ស្បថ​ចេះ​ស្បថ​ចុះ​រហូត ហ៊ាន​តែ​ខ្ញុំ​និយាយ​មិន​ស្រួល​រឿង​ភ្លាម ទើប​ខ្ញុំ​ចេះតែ​ទ្រាំ​! ជាក់ស្ដែង​កាល​មុន​ឈ្លោះ​គ្នា ក្នុងពេល​ខ្ញុំ​ឡើងមក​មើល​កូន​នៅ​អូស្ត្រាលី​ម្នាក់ឯង គាត់​បាន​នាំ​តារា​ម្នាក់​ហ្នឹង​ទៅ​ដេក​នៅផ្ទះ​។ គាត់​ប្រាប់​ខ្ញុំ​ថា​យកទៅ​គេង​គ្រាន់​បានជា​គ្នា ខ្ញុំ​អត់​មាន​មាត់​ទេ សូម្បីតែ​តារា​សិល្បៈ​ណា​លួច​ប្រាប់​ខ្ញុំ​ពី​រឿង​គាត់​រាប់​មិន អស់ ខ្ញុំ​នៅតែ​ថា​ប្ដី​ខ្ញុំ​ល្អជា​និច្ច ប៉ុន្តែ​អ្វីដែល​ខ្ញុំ​អស់​ការ​អត់ទ្រាំ គឺ​ការ​ជាន់ឈ្លី សម្ពាធ​មើលងាយ និង​ហិង្សា​ដែល​គាត់​ធ្វើ​មកលើ​ខ្ញុំ​ប៉ុណ្ណោះ​!»​។​

​អ្នកនាង​យ៉ាន លីន​ដា ប្រាប់ថា រយៈពេល​២​ឆ្នាំ​ចុងក្រោយ រវាង​អ្នកនាង និង​ស្វាមី មិន​ដូច​ប្ដី​ប្រពន្ធ​ទូទៅ​នោះទេ គឺ​ភាព​ផ្អែមល្ហែម​មាននៅ​លើ​ឆាក និង​នៅ​ចំពោះមុខ​មហាជន​ប៉ុណ្ណោះ​។ អ្នកនាង​លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ថា «​ខ្ញុំ​មើល​គាត់ បើ​ខ្ញុំ​អត់​ប្រយោជន៍ ខ្ញុំ​ដេកស៊ី ហើយ​បើ​កុំ​តែ​ហេតុផល​សិល្បៈ គាត់​ទាត់​ក្បាល​ខ្ញុំ​ចោល​យូរហើយ ប៉ុន្តែ​មកពី​គាត់​ខ្លាច​បែក​គ្នា​ទៅ ធ្លាក់កូដ និង​បាត់បង់​ការងារ​ទេ ទើប​ចេះតែ​អត់​អី​!»​។ អ្នកនាង​បាន​ហៅ​សារ​សុំទោស​ដែល យ៉ែម សំ​អូន បង្ហោះ​ឡើង​ថា​ជាការ​ទ័លច្រក បន្ទាប់ពី​មិន​នឹកស្មានថា​អ្នកនាង​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​។ អ្នកនាង​និយាយថា​«​ខ្ញុំ​សុំ​បញ្ជាក់ថា ទង្វើ​របស់គាត់​គឺមាន​ចេតនា​ទាំងអស់ ធម្មតា​ជាតិ​របស់គាត់​គឺ​កុំ​ជំទាស់​។ ពាក្យ​គ្រោតគ្រាត​បែបណា ពាក្យ​ប្រមាថ​បែបណា ការគាបសង្កត់​បែបណា គាត់​ធ្វើ​ដាក់​ខ្ញុំ​ទាំងអស់​។ បង​ទៅ​សួរ​តារា​ក្នុង​ក្រុម​បង្ហាញ​ម៉ូដ​ទៅ (Cambodia Super Model) តើ គាត់​ដែល​ផ្ដល់​កិត្តិយស​ឲ្យ​ប្រពន្ធ​ម្នាក់នេះ​ទេ ឲ្យ​តែ​ខឹង​ស្រែក​ដាក់​មុខ​ភ្លាម​! ខ្ញុំ​ហ៊ាន​ភ្នាល់​ដាក់​ជីវិត ថា​គាត់​កែ​អត់​ទេ ព្រោះ​រឿង​ហ្នឹង​មិនមែន​តែម្ដង​ណា ច្រើនដង​ហើយ គឺមាន​តែ​លើស​ហ្នឹង​គ្រប់ពេល​ខ្ញុំ​អភ័យទោស​ឲ្យ​!»​។​

​អ្នកនាង​ថ្លែងថា​ការ​សុំទោស​របស់លោក​យ៉ែម សំ​អូន មិនមែនជា​ការពិត​ដែល​លោក​ចង់​ធ្វើ​នោះទេ គឺ​គ្រាន់តែ​ចង់​ឲ្យ​មនុស្ស​ភាគច្រើន​យល់ថា​លោក​ជា​ជនរងគ្រោះ និង​ដាក់​កំហុស​ចំពោះ​អ្នកនាង​ដែល​ដាច់ចិត្ត​លែងលះ​ប៉ុណ្ណោះ​។ អ្នកនាង​បន្តទៀតថា​«​រឿង​គាត់​ធ្វើ​ដាក់​ខ្ញុំ​ច្រើនណាស់ ហើយ​ខ្ញុំ​សូម​ផ្ដាំ​ផង កុំ​ធ្វើជា​ទទួលកំហុស ហើយ​ដើរ​លាប​ពណ៌​ថា​ខ្ញុំ​បែបនេះ​ខ្ញុំ​បែប​នោះ ទើប​គាត់​ដល់​ថ្នាក់​ទ្រាំលែងបាន និង​ឈានដល់​ប្រើ​អំពើហិង្សា ខ្ញុំ​នឹង​បញ្ចេញ​ពុត​អាក្រក់​របស់គាត់​ឲ្យ​អស់ បើ​គាត់​នៅតែ​មិន​ភ្ញាក់ខ្លួន​!»​។​

​ពាក់ព័ន្ធ​នឹង​ការ​លាតត្រដាង​នេះ លោក​យ៉ែម សំ​អូន មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ ដោយសារតែ​ទូរស័ព្ទ​ខ​ល​មិន​ចូល កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៧ ខែឧសភា​។

យ៉ាងណាក៏ដោយ​នៅលើ​គណ​នី​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកនាង​យ៉ាន លីន​ដា នាពីរ​ថ្ងៃនេះ គឺ​បាន​កាន់តែ​រញ្ជួយ​ទ្វេដង បន្ទាប់ពី​អ្នកនាង​បង្ហោះ​ថា​លោក​យ៉ែម សំ​អូន គឺជា​ស្វាមី​ដ៏​អាក្រក់​ត្រូវការ​តែ​ប្រុស ដែល​បង្កើន​កម្តៅ​ជម្លោះ​ស្នេហា​ឲ្យ​កាន់តែ​រីកធំឡើង​៕

sam on