​វិស័យ​អចលនទ្រព្យ​ឆ្នាំ​២០១៨ រំពឹងថា កើន​ច្រើនជាង​២០​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2018 ក+ ក-

ភ្នំពេញ ៖ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ និង​ជោគជ័យ​ទៅលើ​ការ​ព្រឹត្តិការណ៍​តាំងពិព័រណ៍ អចលនទ្រព្យ ចំនួន​2 លើក​រួចមកហើយ​នោះ ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ www.realestate.com.kh ក៏បាន​បើក ពិព័រណ៍​អចលនទ្រព្យ​នេះ​ម្តងទៀត នៅ​ឆ្នាំ ២០១៨ ដោយ​រំពឹងថា ព្រឹត្តិការ​ណ៌​នេះ​នឹង​អាច​ជំរុញ ដល់​ការលក់​អចលនទ្រព្យ បាន​ច្រើនជាង ២០​លាន ដុល្លារ​អាមេរិក​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ នេះ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល លោក ថម​ម៉ាស អ៊ូ​ស​អូ​លី​វ៉ាន (Thomas O’s ullivan) នាយក​គ្រប់គ្រង ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ www.realestate.com.kh បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​ក្នុង ឆ្នាំ​២០១៨ បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ដោយ​រលូន ដោយមាន​ការចូលរួម​គាំទ្រ​ពី​អ្នកវិនិយោគ​វិស័យ​អចលនទ្រព្យ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​មកពី​ក្រៅ​ស្រុក​សរុប​ជាង​៥០​ក្រុមហ៊ុន ក្នុងនោះ​មាន​ទាំង​ក្រុមហ៊ុន​វិនិយោគ​វិស័យ​ខុន​ដូ អា​ផាត​មិន និង​បុរី​រួម​ជាមួយនិង​ស្ថាប័ន គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផងដែរ​។

​តាម​ការលើកឡើង​រប​ស់ លោក Thomas O’s ullivan ក៏បាន​រំលឹក​ដែរ​ថា កាលពី​ឆ្នាំ​២០១៧ តាមរយៈ​ព្រឹត្តិការណ៍​នៃ​ការ​តាំងពី​ពិព័រណ៍​អចលនទ្រព្យ​នេះ បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​ចូលរួម បានដាក់​តាំង​បង្ហាញ​គម្រោង​វិនិយោគ​របស់ខ្លួន​ដល់​អតិថិជន ដោយ​សកម្មភាព​ទាំង​នោះបាន​ជម្រុញ​ដល់​ការ​លក់បាន​រហូតដល់​ជាង 20 លាន​ដុល្លារ​អាមេរិក​។

​ដោយឡែក សម្រាប់​ព្រឹត្តិការណ៍​ពិព័រណ៍​ប្រចាំឆ្នាំ​២០១៨ នេះ ក៏​រំពឹង​ដែរ​ថា នឹង​ទទួលបាន​ការចាប់អារម្មណ៍ និង​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ ខណៈដែល​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្នកំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​យ៉ាងខ្លាំង ជាពិសេស​ការចាប់​អារ​ម្ម​ណ៌​ពី​សំណាក់​ជនជាតិ​បរទេស​ក្នុងនោះ វិនិយោគិន​ចិន ឈរ​នៅ​លំដាប់​កំពូល ។

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ​២០១៨ ដែល​រៀបចំឡើង​ដោយ ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ www.realestate.com.kh ឆ្នាំ​២០១៨ នេះ បានរៀបចំ​ធ្វើ​ចំនួន​២​ថ្ងៃ គឺ​ថ្ងៃទី​១៩-២០ តុលា​នេះ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល ដែល​អនុញ្ញាតអោយ​សាធារណៈជន​ចូលរួម​ទស្សនា​ដោយ​សេរី​៕