សម្តេច ហ៊ុន សែន ថ្លែងថា EBA គង់តែ​បាត់បង់​នៅពេល​កម្ពុជា​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្ពស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន ថ្លែង​កាលពី​យប់​ថ្ងៃទី​១៩ ខែតុលា នាទី​ក្រុង​ប្រ៊ុ​ច​សែ​ល ថា «EBA គង់តែ​បាត់បង់​ពី​កម្ពុជា នៅពេល​កម្ពុជា​បានក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្ពស់​» ។ បច្ចុប្បន្ន​សម្តេច​កំពុងធ្វើការ​ជាមួយ​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ចំនួន​២ ដើម្បី​បន្ត​ផ្តល់​កម្ចី ក្នុង​អត្រា​ការប្រាក់​អនុគ្រោះ​រយៈពេល​១០​ឆ្នាំ និង​មានលទ្ធភាព​សង​រយៈពេល​៤០​ឆ្នាំ​។​

​ការ​ថ្លែង​បែបនេះ បាន​ធ្វើឡើង​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជាង​១​ពាន់​នាក់ ពី​ប្រទេស​ហុង​គ្រី បារាំង និង​អាល្លឺម៉ង់ កាលពី​យប់​ថ្ងៃទី​១៩ ខែតុលា នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក ។​

​សម្តេច​នាយ​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្តថា សម្តេច​បានធ្វើការ​មួយ​ជំហាន​ជាមួយ​ជប៉ុន និង​ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីឱ្យ​ភាគី​ទាំងនេះ បន្ត​ផ្តល់​អត្រា​ការប្រាក់​អនុគ្រោះ​រយៈពេល​១០​ឆ្នាំ ហើយ​លទ្ធភាព​សង​រយៈ​ពេល​៤០​ឆ្នាំ ។​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ​ក៏បាន​អះអាងថា កម្ពុជា​មិនទាន់​បាត់បង់​អ្វី​ទាំងអស់ ចំពោះ​ការអនុគ្រោះ​ពន្ធ​ទំនិញ​ពី​សហភាព​អឺរ៉ុប ។ បញ្ហា​នេះ ត្រូវបាន​គេ​យក​ធ្វើជា​សង្គ្រាមចិត្តសាស្ត្រ​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បន្តថា កម្ពុជា​នៅមាន​លទ្ធភាព​ខ្ពស់​ក្នុង​ការខ្ចី​ថវិកា​ពី​បរទេស ប៉ុន្តែ​កម្ពុជា​កំណត់ត្រា​កម្ចី​បរទេស​ត្រឹម ២៣​ភាគរយ ប៉ុណ្ណោះ ធៀប​ជាមួយ​ចំណូល​សេដ្ឋកិច្ចជាតិ ពោលគឺ​កម្ពុជា​មានលទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់ខ្លួន លើ​បញ្ហា​ផ្សេងៗ​ជាច្រើន មិនមែន​សុទ្ធតែ​ពឹង​លើ​បំណុល​បរទេស​នោះទេ​៕