​កម្ពុជា​ទទួល​ហិរញ្ញប្បទាន​ជិត​២៥០​លាន​ដុល្លារ​ថ្មីទៀតពី ADB
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2018 ក+ ក-

​ភ្នំពេញ ៖ កម្ពុជា​ទទួលបាន​ជំនួយ​ហិរញ្ញប្បទាន​ជិត ២៥០​លាន​ដុល្លារ​អាមេរិក ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB សម្រាប់​អនុវត្តន៍​គម្រោង និង​កម្មវិធី​ចំនួន​៤ រួមមាន​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​,​គម្រោង​កែលម្អ​ការគ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប ,​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​របៀង​នៃ​មហា​អនុតំបន់​មេគង្គ និង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​។

​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក អូន ព័​ន្ឋ​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Sunniya Durrani-Jamal នាយិកា​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​។​

​គួរ​ជម្រាប​ថា ក្នុង​ចំនួន​ហិរញ្ញប្បទាន​សរុប​ជិត​២៥០​លាន​ដុល្លារ​នោះ មាន​ទឹកប្រាក់​ប្រមាណ ៨៨,៥០ លាន​ដុល្លារ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​របៀង​នៃ​មហា​អនុតំបន់​មេគង្គ​ជំហាន​ទី​៤​។ គម្រោង​នេះ នឹង​ជួយ​លើកកម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​ការអភិវឌ្ឍ​ក្នុង​របៀង​អាទិភាព​ចំនួន​៣ គឺ​នៅ​ក្រុង​កំពង់ចាម ក្រុង​ក្រចេះ និង​ក្រុង​ស្ទឹងត្រែង ដែលជា​ក្រុង​របៀង​នៃ​មហា​អនុតំបន់​មេគង្គ​៕