ទិវា​ផ្សោត​មេគង្គ ឆ្នាំ​២០១៨ ធ្វើ​នៅ​ខេត្តក្រចេះ នា​រសៀល​ថ្ងៃទី​២៦ ខែតុលា នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2018 ក+ ក-

​ក្រចេះ ៖ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ប្រចាំ​កម្ពុជា​(WWF)​បាន​បញ្ជាក់ថា ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ ឆ្នាំ​២០១៨​នឹងត្រូវ​បានរៀបចំ​ធ្វើឡើង​នៅក្នុង​ថ្ងៃទី​២៦ ខែតុលា នា​សួនច្បារ​បឹង​ហ្គា​ឡូ ទី​រួម​ខេត្តក្រចេះ​ចាប់ពី​ម៉ោង​៣​រសៀល​តទៅ ។​

​សេចក្តីប្រកាស​ដដែល​ប​ញ្ជា​ក់​ដែរ​ថា កម្មវិធី​សកម្មភាព​កម្សាន្ត​សប្បាយ​ជាច្រើន ក៏ត្រូវ​បានរៀបចំ ឡើង​ក្នុង​ទិវា​ផ្សោត​មេគង្គ ២០១៨ ដូចជា ការតាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក​របស់​ខេត្តក្រចេះ​, ការតាំង​បង្ហាញ​រូបថត​, ល្បែង​កម្សាន្ត​, ការឆ្លើយ​សំណួរ​ឈ្នះ​រង្វាន់​, ការសម្តែង​សិល្បៈ​ដោយ​តារា​ល្បីៗ ព្រមទាំង​កម្មវិធី​រត់​ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ។​

​របាយការណ៍​ពី​អង្គការ WWF បញ្ជាក់ថា ក្នុង​ឆ្នាំ​១៩៩៧ ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ មាន​ប្រមាណ ២០០​ក្បាល តែ​បាន​ធ្លាក់​មក​នៅ​ប្រមាណ​៨០​ក្បាល ក្នុង​ឆ្នាំ​២០១៥ ។ បើ​គិត​ត្រឹម​ខែមេសា ឆ្នាំនេះ សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​កំពុង​ទទួលរង​គ្រោះថ្នាក់​ជិត​ផុត​ពូជ បាន​កើនឡើង​ពី ៨០ ទៅ ៩២​ក្បាល ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​៕