​ប្រាក់ខែ​មន្ត្រីរាជការ កម្លាំងប្រដាប់ អាវុធ បន្ត​ឡើង​ថែមទៀត​នៅ​ឆ្នាំ​២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2018 ក+ ក-

​ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៩ ត្រូវបាន​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ធ្វើការ អនុម័ត​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​សុក្រ​ទី ២៦ ខែតុលា​នេះ​។ បើតាម​សេចក្តីព្រាងច្បាប់​នេះ បង្ហាញថា រដ្ឋ​គ្រោង​ចំណាយ​ជាង ៧​លាន ៧​សែន​លាន​រៀល សម្រាប់​ការដំឡើង​ប្រាក់បៀវត្ស​មូលដ្ឋាន ដំឡើង​ប្រាក់​បំណាច់​មុខងារ និង​ដំឡើង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់ មន្ត្រី​ជាប់កិច្ចសន្យា​។

​ថវិកាជាតិ​ដែល​ត្រូវ​ចំណាយ​ឆ្នាំ​២០១៩ មាន​ទិសដៅ​ជា​យុទ្ធសាស្ត្រ​កំណត់​ការ ចំណាយ ថវិកា​ថ្នាក់ជាតិ​ឲ្យ​ស្ថិតក្នុង​កំរិត​ចំនួន​ប្រមាណ​២៥​លាន ៧​សែន​លាន​រៀល ត្រូវជា ២៣,៤៥ ភាគរយ​នៃ​ផសស ពោល​គឺមាន​កំណើន​១០ ភាគរយ​ធៀប​ទៅនឹង​ច្បាប់​ថវិកា​ឆ្នាំ​២០១៨ ក្នុងនោះ​ការចំណាយ​ចរន្ត​ថ្នាក់ជាតិ មាន​ចំនួន​ប្រមាណ​១៦​លាន​៨​សែន​លាន​រៀល និង​ចំណាយ មូលធន​ថ្នាក់ជាតិ មាន​ចំនួន​ជិត​៩​លាន​លាន​រៀល​។ នេះ​បើតាម​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ ២០១៩ ដែល​គណៈរដ្ឋមន្ត្រី​បានធ្វើ​អនុម័ត​។

រដ្ឋ​គ្រោង​នឹង​ចំណាយ​ថវិកា ប្រ មាណ​ជាង ៧​លាន ៨​សែន​លាន រៀល សម្រាប់​ការ​តម្លើង​បៀ​វត្ត​ន៍​បី​ផ្នែក​សំខាន់ៗ ក្នុងនោះ សម្រាប់​ការ​តម្លើង​បៀ​វត្ត​ន៍ មូលដ្ឋាន ដោយ​អនុវត្តន៍​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ សម្រាប់​ការ​តម្លើង​ប្រាក់​បំណាច់​មុខងារ ដែល នឹងត្រូវ​អនុវត្ត​នៅ ខែមេសា ឆ្នាំ​២០១៩ ដោយ​ផ្តល់​បន្ថែមចំនួន​៣​ម៉ឺន​រៀល​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែលមាន​ប្រាក់​បំណាច់​មុខងារ​ក្នុង កម្រិត​ចាប់ពី​៧៥​ម៉ឺន រៀល ចុះក្រោម​។ ក្នុងនោះ​រដ្ឋ នឹង​ធ្វើការ​តម្លើង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ សម្រាប់​មន្ត្រី​ជាប់កិច្ចសន្យា ពី​៦០​ម៉ឺន​រៀល ទៅដល់​៦៥​ម៉ឺន រៀល ដោយ​អនុវត្ត​ចាប់ពី​ខែមករា ដល់​ខែធ្នូ ២០១៩​។​
​បើតាម​សេចក្តីព្រាងច្បាប់​ថវិកា​ដ​ដែល បាន​បញ្ជាក់ថា បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជកា​រ ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នៅក្នុង​ឆ្នាំ​២០១៩ នឹងត្រូវ​ដំឡើង​ពីរដង គឺ​នៅ​ខែមករា និង នៅ​ខែមេសា​។ សម្រាប់​បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល​៖ នឹងត្រូវ​ដំឡើង​ពី​ចំនួន ១​លាន ១​ម៉ឺន​៤​ពាន់ រៀល នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ ១​លាន ៧​ម៉ឺន​រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ ដំ​ឡើងដល់​ប្រមាណ ១​លាន ១​សែន​រៀល ចាប់ពី​មេសា ឆ្នាំ​២០១៩​។

ចំពោះ បៀវត្ស​គ្រូបង្រៀន និង​គ្រូពេទ្យ ក៍​នឹងត្រូវ​ដំឡើង​ពី​ចំនួន ១​លាន ១​សែន​១​ម៉ឺន​៤​ពាន់ រៀល នៅ​ឆ្នាំ​២០១៨ ដល់ ប្រមាណ ១​លាន ១​សែន​៧​ម៉ឺន​រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​ដំឡើង ដល់​ប្រមាណ ១​លាន​២​សែន​រៀល ចាប់ពី​ខែ មេសា ឆ្នាំ​២០១៩​។ បៀវត្ស​នគរបាលជាតិ ចាប់ពី​ពលបាលត្រី នឹងត្រូវ​ដំឡើង​ពី​ចំនួន ១​លាន ៩​ម៉ឺន​៨​ពាន់​រៀល (​ដោយ​គិត​បញ្ចូល​របប​អង្ករ​) នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ ១​លាន ១​សែន ៥​ម៉ឺន​៤​ពាន់​រៀល ( ដោយ​គិត​បញ្ចូល​របប​អង្ករ ) នៅ​ខែមករា ឆ្នាំ ២០១៩ ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ១​លាន ១​សែន​៨​ម៉ឺន​៤​ពាន់​រៀល ( ដោយ​គិត​បញ្ចូល របប​អង្ករ ) ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​។ សំរាប់​បៀវត្ស​យោធិន ចាប់ពី​ពលទោ​នឹងត្រូវ ដំឡើង ពី​ចំនួន ៩៧​ម៉ឺន ៦​ពាន់​រៀល នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ​១​លាន ២​ម៉ឺន​៥​ពាន់​រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ( មិន​គិត​បញ្ចូល​របប​អង្ករ ) ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ១​លាន ៥​ម៉ឺន​៥​ពាន់ រៀល ( មិន​គិត​បញ្ចូល​របប​អង្ករ ) ហើយ​បើ​គិត​បញ្ចូល​របប​អង្ករ ត្រូវជា​ប្រមាណ ១​លាន ១​សែន ១​ម៉ឺន​៤​ពាន់​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​។​

​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩ បង្ហាញថា ការដំឡើង​បៀវត្ស ជូន​មន្ត្រី​សាធារណៈ សម្រាប់​ឆ្នាំ​២០១៩ នេះ រាជរដ្ឋាភិបាល​បានគ្រោង​ថវិកា ចំនួន ២០ ប៊ី​លាន រៀល ដោយឡែក​ផ្សេងទៀត សម្រាប់​ផ្តល់​លទ្ធភាព​ដល់​ក្រសួង​ស្ថាប័ន អាច​ជ្រើសរើស​មន្ត្រី​មាន សមត្ថភាព និង​ជំនាញ​ខ្ពស់​ចូល​បម្រើ​ការងារ​រដ្ឋ ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ផ្តល់​កិច្ច សហការ​ជិតស្និទ្ធ​ជាមួយនឹង​ក្រសួង​មុខងារសាធារណៈ ដើម្បី​រៀបចំ​ក្របខណ្ឌ និង​គោលការណ៍ សម្រាប់​ដាក់​ឲ្យ​ដំណើរការ​គម្រោង​នេះ​។​

​លើសពីនេះ រាជរដ្ឋាភិបាល បានគ្រោង​ថវិកា​ចំនួន ៥០​ប៊ី​លាន​រៀល ជា​មូលនិធិ​ថែទាំ​សុខភាព​មន្ត្រី សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន នៅក្នុង​កញ្ចប់​ថវិការ​បស់​ក្រសួងសុខាភិបាល ដើម្បី​រ៉ាប់រង​លើ​ការ​ទ្រទ្រង់​ថែទាំ​សុខភាព​មន្ត្រី​សាធារណៈ​។ ទន្ទឹមគ្នានេះ បន្ថែម​ពីលើ​ប្រាក់ឧបត្ថម្ភ គោល នយោបាយ​គាំពារ​សង្គម​ចំនួន​ពីរ គឺ​ប្រាក់ឧបត្ថម្ភ​មាតុភាព​ដល់​មន្ត្រីរាជកា​រ និង​កងកម្លាំង ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ជា​ស្ត្រី និង​ប្រាក់ឧបត្ថម្ភ​បុណ្យសព​មន្ត្រីរាជការ ដែល​ទទួល​មរណ ភាព​ក្នុង ពេល​បំពេញបេសកកម្ម ឬ​គ្រោះថ្នាក់​ការងារ ដើម្បី​រៀបចំ​ពិធី​បុណ្យសព​តាម​ប្រពៃណី ដែល​ត្រូវបាន ដាក់​ឲ្យ​អនុវត្ត​រួចមកហើយ រាជរដ្ឋាភិបាល​ក៏បាន​គ្រោង​ថវិកា​ចំនួន ៦​ប៊ី​លាន​រៀល ដើម្បី​ទ្រទ្រង់ របបសន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈនៅក្នុង​កញ្ចប់​ថវិការ​បស់ក្រសួងសុខាភិបាល​ផងដែរ​៕