រដ្ឋ​បាន​ចំណាយ​ជាង​២២​លាន​ដុល្លារ សម្រាប់​បើក​ឲ្យ​កម្មករ​ដែល​​ថៅកែ​រត់ចោល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2018 ក+ ក-

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ក្នុងឱកាស​សម្តេច​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជិត​៧​ពាន់​នាក់ នៅ​ខណ្ឌ​ជ្រោយ ចង្វារ ថា គិត​មកដល់ពេលនេះ សម្ដេច​បាន​ចុះហត្ថលេខា ធ្វើ​បុរេប្រទាន​ប្រា​ក់ជាង ២២​លាន​ដុល្លារ សម្រាប់​បើក​ឲ្យ​កម្មករ​ដែល​ថៅកែ​រោងចក្រ​រត់ចោល ខណៈដែល​ប្រាក់បៀវត្ស​កម្មករ នឹង​កើនឡើង ដល់ ១៨២​ដុល្លារ នៅ​ឆ្នាំ​២០១៩ ខាងមុខ ។ ជាមួយនេះ សម្ដេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់ ម្ចាស់ ផ្ទះជួល​ទាំងអស់ កុំ​ឲ្យ​ដំឡើងថ្លៃ​ឈ្នួល ផ្ទះ​សម្រាប់​កម្មករ ។​

​សូមបញ្ជាក់ថា ការចរចា​ដែល​បានធ្វើ​ក្នុង​យន្តការ​ត្រីភាគី គឺ​រវាង​តំណាង​រាជរដ្ឋាភិបាល តំណាង កម្មករ និង​តំណាង​ថៅកែ​រោងចក្រ​បាន​ចរចា​ត្រូវរ៉ូវ​គ្នា​រួចស្រេច​ហើយ នូវ​ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ តទៅ នឹង​អនុវត្តន៍​តួលេខ ១៨២​ដុល្លារ​ក្នុង​មួយខែ​៕