ភ្នំពេញ៖ឪពុកម្តាយឧកញ៉ា ថោង សា រ៉ាត់ នៅព្រឹកថ្ងៃ២០ ខែឧសភានេះ នឹងត្រូវចៅក្រមតុលាការក្រុងភ្នំពេញបើកសវនាការជំនុំជម្រះទោសដែលបានចោទប្រកាន់ពីបទរក្សាទុកអាវុធខុសច្បាប់ និងរារាំងសមត្ថកិច្ចសាធារណៈ។
តាមដីកាបង្គាប់របស់ព្រះរាជអាជ្ញាអមតុលាការត្រូវបានបញ្ជូនមក កាន់ពន្ធនាគារមណ្ឌលកែប្រែម១ និងមណ្ឌលកែប្រែម២ បានបង្គាប់ឲ្យអនុរក្សពន្ធនាគារនាំខ្លួនលោក ថោង ចំរើន និងលោកស្រី កែវ សារី ជាឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ មកកាន់តុលាការនៅព្រឹកថ្ងៃទី២០ ខែឧសភា ដើម្បីបើកសវនាការជាសាធារណៈដោយមានលោក ឃី ឆៃ ជាចៅក្រមជំនុំជម្រះ។
ករណីឪពុកម្តាយឧកញ៉ាថោង សារ៉ាត់ ត្រូវបានតុលាការពន្យារពេលបើកសវនាការម្តងរួចមកហើយ កាលពីចុងខែមេសាកន្លងទៅដោយសារតែមានការសុំពន្យារពេលរបស់មេធាវីជន ជាប់ចោទ។
រហូតមកដល់ពេលនេះ លោក ថោង ចំរើន និងលោកស្រី កែវ សារី មានមេធាវីការពារផ្លូវច្បាប់ចំនួន ៥នាក់ដែលបានដាក់ពាក្យសុំចូល ការពារជនជាប់ចោទនៅតុលាការក្រុងភ្នំពេញ។ ចំណែកមេធាវី២នាក់ទៀតគឺលោកមេធាវី ម៉ន កែវស៊ីវិន និងលោកមេធាវី កា សាវុធ ត្រូវបានជនជាប់ចោទបដិសេធមិនពឹងពាក់ឲ្យធ្វើជាមេធាវីការពារក្តីទៀត ទេ។
លោក ថោង ចំរើន និងលោកស្រី កែវ សារី ត្រូវបានចាប់ខ្លួននៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ ក្រោយពេលដែលគាត់បានធ្វើសន្និសីទកាសែតការពារកូនប្រុសរបស់គាត់គឺ ឧកញ៉ាថោង សារ៉ាត់ ដែលត្រូវបានជាប់ចោទថាជាមេខ្លោងនៅក្នុងអំពើឃាតកម្មបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នៅក្នុងខណ្ឌចំការមន។
នៅពេលសមត្ថកិច្ចធ្វើការឡោមព័ទ្ធលំនៅដ្ឋានច្រើនកន្លែងរបស់ឧកញ៉ា ថោង សារ៉ាត់ លោកថោង ចំរើនជាឪពុកនិងលោកស្រីកែវ សារីជាម្តាយបានរារាំងសមត្ថកិច្ច ប៉ុន្តែនៅទីបំផុតសមត្ថកិច្ចបានរកឃើញអាវុធវែង-ខ្លីគ្រប់ ប្រភេទចំនួន ១១ដើមនៅក្នុងផ្ទះរបស់គាត់ទើបឈានដល់ការចោទប្រកាន់លោកថោង ចំរើន និងលោកស្រី កែវ សារី ពីបទរក្សាទុកអាវុធខុសច្បាប់ និងបទរារាំងសមត្ថកិច្ចសាធារណៈ ហើយតុលាការបានបិទការស៊ើបសួរក្រោយពេលសមត្ថកិច្ចបានចាប់ខ្លួនលោក ឧកញ៉ថោង សារ៉ាត់នៅចំណុចព្រំដែនកម្ពុជា-វៀតណាម៕