ខេត្តមណ្ឌលគិរី ៖ រថយន្តប្រភេទសាំយ៉ុងចំនួន៣គ្រឿងដឹកឈើពេញបន្ទុក ត្រូវបានសមត្ថកិច្ច បរិស្ថានចាប់ឃាត់ទុក តែដោះលែងអ្នកបើកបរ ខណៈរថយន្តទាំង៣នេះ កំពុងដឹកឈើប្រណីតទំហំធំៗជាច្រើនដើម ឆ្ពោះទៅព្រំដែន ឆ្លងដែនទៅប្រទេសវៀតណាម ឆ្លងកាត់តាមស្រុកកែវសីមា។
ប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ឃាត់ចាប់រថយន្តដឹកឈើនេះ កើតឡើងនៅវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំស្ថិតក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។ ក្រោយពេលឃាត់រថយន្តត្រួតពិនិត្យរួចហើយ មន្ត្រីបរិស្ថាន បាននាំយកទាំងរថយន្ត និងឈើទៅរក្សាទុកនៅទីស្នាក់ការដែនជម្រកកែវសីមា រង់ចាំចាត់ការតាមនីតិវិធីជាក្រោយ ចំណែក អ្នកបើកបររថយន្ត បានឲ្យត្រឡប់ទៅផ្ទះវិញ។
ប្រភពដដែលបន្តថា ករណីបែបនេះមិនមែនជាលើកទី១ទេ ប៉ុន្តែគេដឹងថា សមត្ថកិច្ចជំនាញជាច្រើន ផ្នែក រាប់ទាំងអាជ្ញាធរដែនដី សុទ្ធតែឃុបឃិតគ្នាបើកដៃឲ្យឈ្នួញកាប់បំផ្លាញឈើខុសច្បាប់ ដែល ឈើខ្លះស្ថិតក្នុងតំបន់អភិរក្សទៀតផង ក៏ត្រូវគេបើកដៃឲ្យកាប់ និងដឹកចេញទាំងឡានៗយ៉ាងរលូន ដោយមិនខ្វល់ពីអ្វីនោះឡើយ។
ប្រភពបន្តថា ជាក់ស្តែងដូចជាករណីខាងលើនេះជាដើម គឺក្រុមឈ្នួញ បានដឹកឈើប្រភេទកកោះ ចំនួន ៣គ្រឿង ឆ្លងកាត់មុខក្រុមគណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើក្នុងស្រុកកែវសីមា ខេត្ត មណ្ឌលគិរី យ៉ាងរលូនឆ្ពោះទៅព្រំដែនប្រទេសវៀតណាម ប៉ុន្តែលោក ព្រំ វណ្ណា នាយការិយាល័យ ដែនជម្រកសត្វព្រៃកែវសីមា ដែលជាអ្នកគ្រប់គ្រងនៅទីនោះ មិនចាត់ការរឿងនេះឡើយ ធ្វើឲ្យមាន ការរិះគន់ថា លោក ព្រំ វណ្ណា ទទួលសំណូកជាថ្នូរនឹងការបើកដៃឲ្យឈ្មួញរកស៊ីឈើខុសច្បាប់ តាមទំនើងចិត្ត។ប្រភពដដែលបន្តថា ឈើទាំងនេះ ត្រូវសមត្ថកិច្ចបរិស្ថានចាប់បាន ខណៈកំពុងធ្វើបេសកកម្ម តាមផ្លូវលំត្រង់ចំណុចចំការកៅស៊ូ ក្រុមហ៊ុនប៊ិញភឿក១ ស្ថិតក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពដដែលបញ្ជាក់ថា ក្រោយពេលសាកសួរ ទើបដឹងថា កន្លងមក អ្នករកស៊ីដឹកឈើខាងលើនេះ គេបានរត់ការបង់លុយតាមលំដាប់ជំនាញឲ្យគ្រប់ស្ថាប័នអស់ហើយ ពិសេសគេឲ្យទៅក្រុមគណៈ កម្មការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី តែម្តងដែលមានលោក ព្រំ វណ្ណា ជាអ្នកគ្រប់គ្រង។
គួរជម្រាបថា នៅភាគឦសានប្រទេសកម្ពុជា ខេត្តណាក៏ដូចខេត្តណាដែរ សុទ្ធតែល្បីល្បាញពីករណីជួញដូរឈើល្មើសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ដែលសូម្បីតែក្នុងតំបន់អភិរក្សក៏មិនសល់ដែរ រហូតដល់ថ្នាក់រាជរដ្ឋាភិបាលបង្កើតគណៈកម្មការចម្រះស្ថាប័ន ចុះបង្ក្រាប និងធ្វើអធិការកិច្ចគ្រប់ច្រកល្ហក ហើយនៅពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានព្រមានពីក្រៅប្រទេសខណៈលោកកំពុងបំពេញបេសកម្មនៅទ្វីបអឺរ៉ុបថា លោកស្អប់ណាស់ពួកបំផ្លាញព្រៃឈើ ហើយលោក នឹងប្រើឧទ្ធម្ភាគចក្របាញ់ប្រហារពីលើអាកាសលើក្រុមប្រព្រឹត្តបទល្មើសព្រៃឈើទៀតផង ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនបានឃើញឈ្នួញណាម្នាក់ត្រូវបានចាប់ខ្លួន ឬទទួលទោសទណ្ឌនោះឡើយ។ បើដូច្នេះទេ អ្នកដែលចង់រកស៊ីជួញដូរឈើខុសច្បាប់ដោយមិនមានទោសពៃរ៍ អាចទៅតំបន់ភាគឦសានកម្ពុជា ពិសេស ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រែងមានវាសនាធ្វើមានធ្វើបានដូចបុគ្គលមួយចំនួន។
លើកក្រោយ ភ្នាក់ងារព័ត៌មាន មេគង្គ ប៉ុស្តិ៍ នឹងធ្វើសេចក្តីរាយការណ៍ជាបន្តបន្ទាប់ទៀតពីករណីជួញដូរឈើល្មើសច្បាប់ នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តត្បូងឃ្មុំ៕
( ក្រុមមន្ត្រីបរិស្ថាន ស្រុកកែវសីមា ដែលឃាត់ចាប់រថយន្តដឹកឈើល្មើសច្បាប់)